(មណ្ឌលគិរី)៖ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងការងារស្រាវជ្រាវបង្រ្កាបបទល្មើស បានដឹកនាំកម្លាំងជាច្រើននាក់ សហការជាមួយមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានបន្តបើកយុទ្ធនាការបង្រ្កាបបទល្មើសព្រៃឈើ ដែលកើតមាននៅក្នុងដែនជម្រកសត្វព្រៃសីមា នៅក្នុងស្រុកកែវសីមា ជាលទ្ធផលចាប់ខ្លួន ជនជាតិវៀតណាម៦នាក់ និងខ្មែរម្នាក់ ព្រមទាំងដកហូតរថយន្តកែច្នៃចំនួន៨គ្រឿង ឈើប្រភេទ​លេខមួយ(មូល​)​ ជាច្រើនកំណាត់ និងរណាយន្តមួយចំនួនទៀតផងដែរ។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា
«ការឃាត់ខ្លួនមនុស្ស និងវត្ថុតាងខាលើនេះ គឺកម្លាំងបានប្រើប្រាស់យុទ្ធនាការរបស់ខ្លួន តាំងពីយប់មិញ»

បើតាមលោក កែវ សុភគ៌ នៅពេលនេះ កម្លាំងជំនាញនៃមន្ទីរបរិស្ថាន កំពុងធ្វើការដឹកជញ្ជូនវត្ថុតាងល្មើសច្បាប់ និងមនុស្សចំនួន៧នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន៦នាក់ យកមករក្សាទុកនៅស្នាក់ការអភិរក្ស ក្នុងស្រុកកែវសីមា ដើម្បីចាត់ការតាមនិតិវិធីបន្ត។

លោក កែវ សុភគ៌ ពុំទាន់បានឲ្យដឹងទេ ឈើនោះមានចំនួនប៉ុន្មានកំណាត់នៅឡើយ តែលោកគ្រាន់តែធ្វើការប៉ាន់ស្មានថា
ប្រហែល១០០កំណាត់តូចៗល្មម៕