(ភ្នំពេញ)៖​ នារីបំរើខារ៉ាអូខេ២នាក់ ទាស់ពាក្យសំដីគ្នាបង្កចេញជាជម្លោះវាយតប់ និងខាំដាច់ស្លឹកត្រចៀកម្ខាង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវ ដែលកំពុងសប្បាយ រត់ជាន់ជើងគ្នាព្រោងព្រាត កាលពីយប់រំលងអាធ្រាត្រ​ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧​ នៅហាខារ៉ាអូខេ​ភេសជ្ជៈតន្ត្រី KTV តាមបណ្តោយផ្លូវវេងស្រេង​ ភូមិជ្រៃកោង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។ 

​គូរជម្លោះដែលបានដាច់ស្លឹកត្រចៀកម្ខាងឈ្មោះ ម៉ុន ចាន់ឌឿន​ អាយុ៣០ឆ្នាំ មុខរបរអ្នកចំរៀងស្នាក់នៅ ផ្ទះជួលភូមិជ្រៃកោង សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកភាគីម្ខាងទៀតឈ្មោះ ស្រី ពេជ្រ អាយុប្រហែល២៩ឆ្នាំ ស្នាក់នៅ បន្ទប់ជួលភូមិចោមចៅ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

នៅមុនពេលកើតហេតុភាគីទាំងសងខាង បាននិយាយឌឺដងគ្នារឿងធ្វើការជារៀងរាល់ថ្ងៃ​ រហូតឈានទៅដល់ប្រើហិង្សាដាក់គ្នាទៅវិញទៅមក
ធ្វើឲ្យភាគីម្ខាងរងរបួសផ្នែកត្រចៀកម្ខាង បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវ ដែលកំពុងអង្គុយផឹកស៊ីនាំគ្នាចោមរោមមើល និងបុគ្គលិកនាំគ្នាជួយចាប់បំបែក។

​ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ និងឃាត់ភាគីម្ខាងមកសួនាំនៅប៉ុស្តិ៍ ខណៈភាគីម្ខាងទៀតចូលពេទ្យ៕