(មណ្ឌលគិរី)៖ ប្រជាសហគមន៍ក្នុងសង្កាត់ចំនួន២ នៃក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានរាយការណ៍ថា ពួកគាត់ស្ទើរ​តែទប់ទឹកភ្នែកមិនបាន ពេលឃើញព្រៃឈើ ដែលធ្លាប់តែដុះត្រៀបត្រាពាសពេញ ដែនជម្រកសត្វព្រៃភ្នំព្រេច ត្រូវក្រុមមន្រ្តី​ឧទ្យានុរក្ស និងលោកនាយកស្ដីទី នៃដែនជម្រកសត្វព្រៃភ្នំព្រេចម្នាក់ទៀត ជួលមនុស្សឲ្យកាប់ទន្ទ្រានដួល ទាំងភ្នេនៗ យ៉ាងអានាធិបតេយ្យ។

ប្រជាសហគមន៍ខាងលើ បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ខាងលើ មានទី១ ឈ្មោះ ឡេង សិលា ជាមន្រ្តីឧទ្យានុរក្សដែនជំរកសត្វព្រៃភ្នំព្រេច រាល់ថ្ងៃជនម្នាក់នេះ កំពុងជួលមនុស្សឲ្យកាប់ព្រៃឈើ នៅភូមិស្រែអ៊ី ដើម្បីយកដីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ជនទី២ មានឈ្មោះ ច្រាន ងូ ជាមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេចដែរ រាល់ថ្ងៃជនម្នាក់នេះ កំពុងកាប់ទន្ទ្រានរុករានព្រៃ នៅភូមិឡៅការ ដើម្បីព័ទ្ធយកដីពុះជាដីឡូត៍ៗ ទុកលក់បន្ត។

ប្រជាពលរដ្ឋអ្នកដឹងរឿងបានបង្ហើបថា «មន្រ្តីឧទ្យាននុរក្សទាំង២នាក់ ខាងលើ ជាកូនចៅរបស់លោក ហាន សុខន មានតួនាទី ជានាយកស្តីទី នៃដែនជម្រកសត្វព្រៃភ្នំព្រេច។ គ្រាដែលមានករណីនេះកើតឡើង អាចមកពីលោក ហាន សុខន បើកដៃឲ្យកូនចៅរបស់ខ្លួន ដើម្បីយកធ្វើមានបានទាំងកូនចៅ និងមេកើយហើយ បានជាបទល្មើសនេះ ដំណើរការទៅ ដោយរលូនបែបនេះ»

អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានស្នើឲ្យប្រធានមន្ទីរបរិស្ថាន​ខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ ត្រូវចាត់ចែងមន្រ្តីរបស់ខ្លួន ចេញស្រាវជ្រាវករណីនេះជាបន្ទាន់ និងឲ្យបានហ្មត់ចត់បំផុត, បើមានករណីនេះពិតមែន ត្រូវចាប់ដាក់ទោសតាមផ្លូវច្បាប់។

លោកប្រធានមន្ទីរ កែវ សុភគ៌ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃដដែលនេះថា លោកនឹងចាត់ចែងមន្រ្តីជំនាញ ទៅពិនិត្យដល់ទីតាំងនោះ ដើម្បីឈានទៅចាត់ការតាមច្បាប់។

អង្គភាពព័ត៌មាន Fresh News បានព្យាយាមសុំការបំភ្លឺតាមទូរស័ព្ទពី លោក ហាន សុខន ដែរ តែនៅពេលលោកទទួលហើយ លោកបានប្រាប់ថា «ជាប់រវល់», ម្ដងថា «ទូរស័ព្ទស្តាប់អត់ច្បាស់» រួចក៏បិទទូរស័ព្ទតែម្តង។ ចំណែកមន្រ្តីឧទ្យានុរក្ស ២នាក់ទៀត ដែលជាដៃជើងរបស់គាត់នោះ មិនអាចទំនាក់ទំនងសុំការបំភ្លឺ ជុំវិញករណីខាងលើនេះ បានទេ។

ទោះយ៉ាងណា ប្រជាពលរដ្ឋក្នុងសហគមន៍ទាំង២ ក្នុងក្រុងសែនមនោរម្យ បានតាំងចិត្តប្ដេជ្ញារួមគ្នាថា នឹងផ្តិតមេដៃទាំងអស់គ្នា ដើម្បីប្តឹងទៅអាជ្ញាធរខេត្ត និងមន្ទីរបរិស្ថានខេត្ត ឲ្យចុះចាត់វិធានតាមផ្លូវច្បាប់ លើមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច ចំនួន២រូប ដែលមេក្លោងកាប់ទន្រ្ទានព្រៃឈើនោះឲ្យបាន ព្រោះដី និងព្រៃឈើទាំងនោះ ជាទ្រព្យសម្បត្តិរបស់រដ្ឋ ដាច់ខាតមិន​មែនជារបស់ឯកជន ដូចដែលពួកគេកំពុងធ្វើនោះឡើយ ហើយសម្បត្តិធម្មជាតិទាំងនោះ គឺជាឆ្នាំងបាយរបស់ប្រជា​សហគមន៍​នោះ បើអត់ពីព្រៃឈើទាំងនោះទៅ ពួកគាត់ក៏មិនដឹងទៅធ្វើការចិញ្ចឹមជីវិតឯណាបានឡើយ៕