(កណ្ដាល)៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យមន្រ្តីកាកបាទក្រហមកម្ពុជា លោក តាំង សាមឿន លេខាធិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមជាមួយមន្រ្តីសាខា និងអនុសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះសួរសុខទុក្ខស្រ្តីដែលទើសម្រាលកូនចំនួន ៣រូប និងអ្នកត្រៀមសម្រាលចំនួន ៥ រូប នៅស្រុកពញាឮ ខេត្ដកណ្ដាល។

នាពេលនោះ លោក តាំង សាមឿន បានផ្តាំផ្ញើរនូវការសួរសុខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ស្រ្តីដែលទើប​សម្រាលកូន នឹងត្រៀមកំពុងសម្រាលកូននាថ្ងៃនេះ ហើយលោក បានជម្រាបជូនថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន គឺបានខិតខំបំពេញនូវការងារ​មនុស្សធម៌របស់ខ្លួន​ប្រកបដោយប្រសិទ្ធភាព ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយមហន្តរាយនានា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺតែងតែយកចិត្តទុក្ខដាក់យ៉ាងខ្លាំងចំពោះសុខភាពមាតា និងទារក ។ ក្នុងនោះកាកបាទក្រហមកម្ពុជា គឺតែងតែបានជួយជនរងគ្រោះ និងងាយរងគ្រោះនៅទូទាំងប្រទេស ដោយមិនមានការប្រកាន់នូវជាតិសាសន៍ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាកិច្ចឆ្លើយតប លោកស្រី វ៉ាន់ ស្រីរ័ត្ន អាយុ ២៤ ឆ្នាំ តំណាងស្រ្តីដែលទើបសម្រាលកូន បានសម្តែងនូវការដឹងគុណ​យ៉ាងជ្រាលជ្រៅ ជូនដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរពីសុខមាលភាពស្រ្តី ទារក និងកុមារ ហើយលោកស្រីមាន​អារម្មណ៍​រំភើបក្រៃលែង និងសូមដឹងគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ជាមួយគ្នានោះដែរ លោកស្រី ក៏បានថ្លែងនូវការ​អរគុណ​ដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ជួយឲ្យលោកស្រីបានសម្រាលកូន ដោយសុវត្ថិភាព និងមិនមាន​ការមានការប្រកាន់អ្វី  ចំពោះលោកស្រី ដែលជាស្រ្តីក្រីក្រនោះឡើយ ហើយក៏គ្នានការយកនូវថវិកាអ្វីនោះដែរ។

នាឱកាសនោះ ស្រ្តីដែលទើបសម្រាលកូនរួច ក៏បានទទួលនូវសម្ភារៈបរិក្ខាសម្រាប់ម្តាយ និងទារក រួមមាន ខោអាវ ខ្នើយ ស្រោមដៃស្រោមជើង និងមុងសម្រាប់ទារក និងសម្រាប់ម្តាយមាន សារុង១ មុង១ ភួយ១ ព្រមទាំងថវិកាមួយចំនួន ដែលជាការឧបត្ថម្ភ ពីកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន សាខាកាកបាទក្រហម​កម្ពុជាខេត្តកណ្តាល និងថវិកាពីរដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម លោកលឹម គានហោ៕