(សៀមរាប)៖ តាមរបាយការណ៍របស់ ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ភ្លៀងធ្លាក់លាយលំជាមួយខ្យល់កន្រ្តាក់ បានវាយប្រហារចំស្រុក-ក្រុងចំនួន២ នៅខេត្តសៀមរាប បណ្ដាលឲ្យស្រ្តីម្នាក់រងរបួស បាក់ដើមឈើ បាក់បង្គោលភ្លើង និងខូចខាតផ្ទះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិមួយចំនួន។

តាមរបាយការណ៍របស់ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា នៅក្រុងសៀមរាប គ្រោះធម្មជាតិមួយនេះ បានបណ្ដាលឲ្យដើមឈើបាក់រលំចំនួន៦ដើម បង្គោលភ្លើងបំភ្លឺផ្លូវ១ដើម ផ្ទះដួលរលំចំនួន៨ខ្នង របើកដំបូលចំនួន២៤ខ្នង សាលាបឋមសិក្សាវត្តពោធិ៍លង្ការ១ខ្នង ស្លាកគណបក្សចំនួន៤ផ្ទាំង ត្រូវដួលរលំ របើកមនុស្សស្រីម្នាក់រងរបួសស្រាល និងម៉ូតូចំនួន១គ្រឿងរងការខូចខាត។ ចំណែកនៅឃុំត្បែង ស្រុកបន្ទាយស្រី បណ្ដាលឲ្យដើមឈើបាក់រលំចំនួន ៣ដើម។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃទី ២៣-២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅកម្ពុជា អាចនឹងមានភ្លៀងកក់ខែ ស្ទើរទូទាំងប្រទេស។ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលាផងដែរ៕