(ម៉ិចស៊ីកូ)៖ រដ្ឋាភិបាលម៉ិចស៊ីកូជាថ្មីម្ដងទៀត បានថ្កោលទោសគោលនយោបាយ​ជនភៀស​ខ្លួនថ្មី របស់​សហរដ្ឋអាមេរិក​ដែលមានបំណង​បណ្ដេញ​ជនភៀស​ខ្លួនខុសច្បាប់ ឬមិនមានលិខិត​ស្នាមត្រឹមត្រូវ ទំាងអស់​ចេញពីទឹកដី​អាមេរិក ហើយដែលជនភៀសខ្លួនទំាងនេះ​អាចនឹងត្រូវបញ្ជូន​មកកាន់ម៉ិចស៊ីកូ​បើទោះជា​ពួកគេមិនមែន​ជា​ប្រជាជន​ម៉ិចស៊ីកូ​ក៏ដោយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC​ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​គោលនយោបាយ​ជនភៀស​ខ្លួនថ្មី​របស់លោក ដូណាល់ ត្រាំ អាជ្ញាធរ​អាមេរិក នឹងចាប់​បញ្ជូន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ ឬគ្មានលិខិត​ស្នាមត្រឹមត្រូវ​ត្រឡប់​ទៅកាន់ម៉ិចស៊ីកូ​ ឬក៏បើពួកគេ​មកពី​ទីណា ត្រូវទៅទី​កន្លែង​នោះវិញ ខណៈគេមិនទាន់​ច្បាស់នៅឡើយទេ​ថា តើអាជ្ញាធរ​អាមេរិក​នឹងបង្ខំឱ្យ​ប្រទេស​ក្បែរ ខាងរបស់ខ្លួន​មួយនេះ​ទទួលយកជនភៀស​ខ្លួនបរទេស ឬយ៉ាងណា​នោះទេ។  

តែទោះ​បីជាយ៉ាងណា​រដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូ លោក ល្វីស វីដេហ្គា រ៉ាយ (Luis Videgaray) បានទាត់ចោល​ក៏ដូចជា​ថ្កោលទោស​គោលនយោបាយនេះ ដោយលោកបញ្ជាក់​ដូច្នេះថា «ប្រទេស​របស់ខ្ញុំ​មិនអាច​ទទួលយកបាន​ឡើយ ចំពោះការសម្រេចចិត្ត​ជាឯកតោភាគីបែបនេះ ដែលត្រូវបាន​ដាក់កំហិត​ដោយរដ្ឋាភិបាល​មួយលើអ្នក ឬរដ្ឋាភិបាលដ៏ទៃ»

គួរបញ្ជាក់ថា​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធីល្លឺសុន (Rex Tillerson)​ និងរដ្ឋមន្ត្រី​សន្តិសុខ​មាតុភមិ លោក ចន ឃែលី (John Kelly) កំពុងស្ថិតនៅ​ក្នុងប្រទេសម៉ិចស៊ីកូ ហើយអ្នក​ទំាងពីរ នឹងត្រូវជួបពិភាក្សា​ការងារជា​មួយប្រធានាធិបតី​ម៉ិចស៊ីកូ ស្របពេលប្រទេសជិតខាងទំាងពីរ​កំពុងមានជម្លោះ​ការទូតនឹង គ្នា​រឿងគំរោងសាងសង់​ជញ្ជាំងព្រំដែន​របស់​លោក ដូណាល់ ត្រាំ៕