(ភ្នំពេញ)៖ មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា​ឆ្នាំ២០១៧ ដែលនឹងមានរំលេចផ្ទាំងទស្សនីយភាព​សិល្បៈរបស់ជប៉ុន​ជាច្រើន​ទម្រង់នោះ នឹងត្រូវចាប់ផ្តើមធ្វើឡើងនៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះហើយ។ មហោស្រពគីហ្សូណា ធ្វើឡើង​នៅមជ្ឈ​មណ្ឌល​សហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) មានរយៈពេល ៤ថ្ងៃ។

ប្រធានបទនៃមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំ២០១៧នេះ គឺនិយាយពីការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន «Fly to Japan»។ ប្រធានបទនេះ គឺជាការស្វាគមន៍ការហោះហើរត្រង់រវាងកម្ពុជា និងជប៉ុន ដែលបានចាប់ផ្តើមឡើងកាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ។

ការដាក់ចេញប្រធានបទ «Fly to Japan» ក្នុងមហោស្រពនេះ ត្រូវបានរំពឹងថា នឹងអាចឲ្យប្រជាជនកម្ពុជា មានអារម្មណ៍​កាន់តែ​ខិ​តមកជិតប្រទេសជប៉ុន ហើយជំរុញឲ្យ មានចំណាប់អារម្មណ៍ទៅលេងប្រទេសជប៉ុនផងដែរ។

ក្នុងមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំ២០១៧នេះ នឹងមានបង្ហាញនូវទម្រង់សិល្បៈបែបប្រពៃណីជប៉ុនជាច្រើនដូចជា៖ ការបង្ហាញម៉ូដសម្លៀកបំពាក់គីម៉ូណុ, ការសម្តែងក្បាច់រាំទំនើបជប៉ុនដោយក្រុម TEMPURA KIDZ, ការប្រគំតន្រ្តី​ដោយអ្នក​ចម្រៀងជប៉ុនដ៏ល្បីល្បាញ អ្នកស្រី Tokiko Kato, ការប្រកួតប្រជែងសម្លៀកបំពាក់យូកាតានៅកម្ពុជាឆ្នាំ២០១៧ និងការប្រគំ​តន្រ្តីក្លាស៊ីកមិត្តភាពជប៉ុន-កម្ពុជាលើកទី១០។

ក្រៅពីការបង្ហាញសីល្បៈខាងលើមហោស្រពគីហ្សូណាឆ្នាំនេះ ក៏មានកម្មវិធីជាច្រើនផ្សេងទៀត ដូចជាការសម្តែងសិល្បៈ សិក្ខាសាលា នៃការសម្តែងក្បាច់រាំទំនើបជប៉ុន ការបង្ហាញជូននូវកីឡាយុទ្ធសិល្ប៍ ការបង្ហាញម៉ូដសម្លៀកបំពាក់ ការស្លៀក​ពាក់បែបតុក្កតាជប៉ុន (ខូសផ្លេ) ការបង្ហាញជូននូវការគណនាលេខយ៉ាងរហ័សដោយប្រើក្បាច់គិតលេខបុរាណ សិល្បៈ​តុបតែងផ្កា និងការសរសេរអក្សរផ្ចង់ ថ្នាក់រៀនធ្វើមីជប៉ុន ព្រមទាំងបឋកថា និងការតាំងពិព័រណ៍ផ្សេងៗទៀត។

មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា បើកឲ្យប្រជាពលរដ្ឋខ្មែរចូលរួមទស្សនាដោយសេរី៕