(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា រហូតដល់ពេលនេះ កម្ពុជាមាន​បំណុលបរទេសដែលយកមកអភិវឌ្ឍប្រមាណ ៦ពាន់លានដុល្លារអាមេរិក ដែលស្ថិតនៅ​កំរិតទាប​នៅឡើយ​បើធៀបនឹង​ប្រទេសដទៃ។ ប៉ុន្តែលោកអះអាងថា បំណុលទាំងនោះសុទ្ធតែជាបំណុលត្រឹមត្រូវ ដែលបានយកមក ប្រើប្រាស់​អភិវឌ្ឍចំទិសដៅ។

លោក សុខ ឥសាន បានថ្លែងថា «នៅលើពិភពលោកគ្មានប្រទេសណា មិនជំពាក់បំណុលគេទេ ​ដូចជាប្រទេស មហាអំណាច​សេដ្ឋកិច្ច ប្រទេសកំពុងអភិវឌ្ឈន៍ទាំងអស់ សុទ្ធតែមានបំណុល ហើយមានអត្រាខ្ពស់​ទៀតរហូត​ដល់ជាង​១០០ភាគរយ​នៃផលទុនជាតិ។ បញ្ហាសំខាន់ ឲ្យតែខ្ចីគេយកមកអភិវឌ្ឈចំទិសដៅ ឲ្យប្រទេសមានការរីកចំរើន ដូចឃើញសព្វថ្ងៃនេះ ទើបជាកម្ចីត្រឹមត្រូវ»

អ្នកនាំពាក្យគណបក្សកាន់អំណាចបានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៩រហូតមក ប្រទេសកម្ពុជាមានឱកាសកសាង និងអភិវឌ្ឍ​ឲ្យមានការរីកចម្រើនដូចបណ្តាប្រទេសនានា លើពិភពលោក។ ក្នុងការអភិវឌ្ឈនេះទាមទារមានទុន ជាហិរញប្បទាន ដែលផ្តល់​ដោយបណ្តាប្រទេសជាហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបានសន្យាផ្តល់ ឲ្យសំរាប់ស្តារ និងកសាង​ប្រទេស​កម្ពុជា​ឡើងវិញ បន្ទាប់ពីបញ្ចប់សង្គ្រាម និងមានសន្តិភាពពេញលេញមក។

លោកបញ្ជាក់ថា «ក្នុងការខ្ចីប្រាក់គេ គេមានបែបបទច្បាស់លាស់ដែលត្រូវបំពេញ និងមានការសិក្សាវាយតម្លៃត្រឹមត្រូវ ដោយមាន ការចូលរួមពី អ្នកជំនាញនៃប្រទេសម្ចាស់ជំនួយ។ ទោះបីជាកម្ចី តែបើធ្វើឯកសារមិនត្រឹមត្រូវទេ និងបើមិនមាន​សំណូមពរប្រើប្រាស់ចំគោលដៅទេ ក៏គេមិនផ្តល់ដែរ»