(ឧត្តរមានជ័យ​)៖​ នៅវេលាម៉ោង​ ៥៖៣០នាទី​ល្ងាច ​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧  មានកើតករណីខ្យល់កន្ត្រាក់ បណ្តាលឲ្យ ខូចខាតផ្ទះ​ប្រជាពលរដ្ឋចំនួន២៤ខ្នង​ តែមិនបានបង្កឲ្យអ្នកគ្រោះថ្នាក់​ក្នុងហេតុការណ៍​នេះទេ ស្ថិតនៅក្នុងភូមិគោកច្រេស​ និង ភូមិអូរឫស្សី​ សង្កាត់​-ក្រុងសំរោង​។

សមត្ថកិច្ច​មូលដ្ឋានបាន​ឲ្យដឹងថា​ កាលពីល្ងាចមិញ​មាន​ភ្លៀង១មេ​ លាយលំ​ជាមួយខ្យល់​កន្ត្រាក់ ​តែសំណាងណាស់​គ្មានប្រជា​ពលរដ្ឋ​ណាម្នាក់​ រងរបួសឡើយ​។

សមត្ថកិច្ច​បន្តថា​ ករណីខាងលើ​ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ២​ភូមិ មានភូមិគោកច្រេស​ រលំស្លាកគណបក្សប្រជាជនកម្ពុជា​ចំនួន ៣ផ្លាក​ របើកដំបូលផ្ទះក្បឿង ចំនួន៧​ខ្នង​ របើកដំបូលសង្កសី នឹងជញ្ជាំង ផ្ទះចំនួន ១៥​ខ្នង និង​ភូមិអូរឫស្សី
របើកដំបូលចំនួន​ ២​ខ្នង។

ក្រោយពីហេតុការណ៍​មានអាជ្ញាធរ​ សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះអន្តរាគមន៍ជួយជួសជុល​ និងរៀបចំ​កន្លែងស្នាក់នៅ បណ្តោះអាសន្ន៕