(ភ្នំពេញ)៖ លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ, លោក មាជ សុវណ្ណរ៉ា មន្រ្តីជាន់ខ្ពស់គណបក្ស សង្រ្គោះជាតិ និងលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី បានសរសេរលិខិតមួយជូនប្រធាន គណៈកម្មាធិការនាយក របស់គណបក្សរៀងៗខ្លួន ដោយប្រកាសលាលែងចេញពីភាពជាសមាជិក នៃគណៈកម្មាធិការ នាយករបស់គណបក្សពួកគេហើយ។ នេះបើតាមការបញ្ជាក់របស់ លោក សំ សុគង់ មេធាវី ការពារក្តីឱ្យអ្នកទាំងបី។

លោក សំ សុគង់ បានប្រាប់អង្គភាព Fresh News ឱ្យដឹងនៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា លិខិតរបស់ លោក អ៊ុំ សំអាន, លោក ហុង សុខហួរ និង លោក មាជ សុវណ្ណារ៉ា បានផ្តិតមេដៃ នៅចំពោះមុខមេធាវីនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយបញ្ជាក់ថា មូលហេតុនៃការលាលែងនេះដោយសារតែបញ្ហាផ្ទាល់ខ្លួន។

លិខិតរបស់ លោក អ៊ុំ សំអាន និង លោក មាជ សុវណ្ណារ៉ា ដែលបានផ្ញើជូនលោក ប៉ុល ហំម ប្រធានគណៈកម្មាធិការនាយក របស់គណបក្សសង្រ្គោះជាតិ បានបញ្ជាក់ដូចគ្នាយ៉ាងដូច្នេះថា «អាស្រ័យដូចបានជំរាបជូនក្នុងកម្មវត្ថុាងលើ សូមឯកឧត្តម ប្រធានគណៈកម្មាធិការនាយក គណបក្សសង្រ្គោះជាតិ មេត្តាជ្រាបជាព័ត៌មានអំពីសេចក្តីសម្រេចចិត្ត លាលែងចេញពី តំណែងជាសមាជិកគណៈកម្មាធិការនាយក គណបក្សសង្រ្គោះជាតិរបស់ខ្ញុំ ហើយចាត់ទុកថា សេចក្តីសម្រេចនេះ ចូលជាធរមាន ចាប់ពីថ្ងៃចុះហត្ថលេខារបស់ខ្ញុំនេះតទៅ»

ចំណែកលិខិតរបស់ លោក ហុង សុខហួរ ក៏បានផ្ញើជូន លោក ទាវ វណ្ណុល ប្រធានគណបក្សសម រង្ស៊ី មានខ្លឹមសារដូច ទៅនឹងលិខិត របស់ លោក អ៊ុំ សំអាន និង លោក មាជ សុវណ្ណារ៉ាដែរ៕