(ភ្នំពេញ)៖ ក្រសួងពាក់ព័ន្ធមួយចំនួន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានសហការជាមួយអង្គការជាតិ និងអន្តរជាតិធំៗមួយចំនួនទៀត រួមគ្នាបង្កើតក្រុមការងារ កសាងកម្រងព័ត៌មានជាតិស្ដីពី សារធាតុអាសបេស្តូសនៅកម្ពុជា ដើម្បីចាត់វិធានការបង្ការ និងទប់ស្កាត់ផល់ប៉ះដល់សុខភាពប្រជាពលរដ្ឋ ដែលភាយចេញពីពពួកសារធាតុទាំងនោះ។

ពិតណាស់ ប្រជាពលរដ្ឋទូទៅ មិនបានចាប់អារម្មណ៍ ឬមិនបានដឹងច្បាស់ឡើយអំពី សារធាតុអាសបេស្តុសនេះ វាគឺមានផ្ទុកនៅក្នុងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដូចជា ស៊ីម៉ង់ត៍ ក្បឿង ហ៊ឺវប្រូស៊ីម៉ង់ត៍ ពិដានម្នាងសិលា ស្បែកហ្វ្រាំងយានយន្ត ស្បែកអំប្រ៊ីយ៉ា រ៉ងម៉ាស៊ីន អ៊ីសូឡង់ការពារកម្ដៅ ការពារធាតុត្រជាក់ ទប់សម្លេង គ្រឿងម៉ាស៊ីន និងបំពង់ជ័រ និងរបស់ប្រើប្រាស់ជាច្រើនទៀត។

ក្រុមការងារកសាងកម្រងព័ត៌មានជាតិស្ដីពី សារធាតុអាសបេស្តូសនៅកម្ពុជា ខាងលើ ត្រូវបានលោកបណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញប្រកាសសមាសភាពជាផ្លូវការ ក្នុងឱកាសកិច្ចប្រជុំមួយ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសាន់វ៉េ។

កិច្ចប្រជុំនាថ្ងៃនេះ រៀបចំឡើងដើម្បីប្រកាសសមាសភាព និងប្រគល់ភារកិច្ចជូន សមាជិកក្រុមការងារ ដើម្បីប្រមូល និងចងក្រងព័ត៌មានជាតិស្តីពី សារធាតុអាសបេស្តូសនៅកម្ពុជា របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួន រួមមាន៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអប់រំ យុវជន និងកីឡា។

ក្រៅពីនេះ ក្រុមការងារខាងលើ ក៏មានសមាជិកមកពី អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការជាតិ និងសង្គមស៊ីវិល ដែលចូលរួមតាមការស្ម័គ្រចិត្ត និងមានតួនាទីជាទីប្រឹក្សា និងជួយទ្រទ្រង់ ដូចជា អង្គការពលកម្មអន្តរជាតិ (ILO) អង្គការសុខភាពពិភពលោក (WHO) អង្គការអូស្ត្រាលីសម្រាប់សុខភាព អប់រំ និងអភិវឌ្ឍន៍ក្រៅប្រទេស (APHEDA)។

លោករដ្ឋមន្រ្តី បានដាក់អនុសាសន៍យ៉ាងមុតមាំដល់ក្រសួង ស្ថាប័ន អង្គការជាតិ-អន្តរជាតិ និងសហជីព ដែលបានគាំទ្រដល់ក្រសួងការងារ ក្នុងការបង្កើតឱ្យមានក្រុមការងារនេះឡើងនោះ ត្រូវរៀបចំចងក្រងកម្រងព័ត៌មាន ដាក់ផែនការជាតិ និងកម្មវិធីជាតិ សម្រាប់ជាឧបករណ៍ ឬមធ្យោបាយដែលអាចប្រើជាផលប្រយោជន៍ ដ៏មានប្រសិទ្ធភាព និងស័ក្តសិទ្ធិ សម្រាប់ពង្រីកចក្ខុវិស័យស្តីពី ការបង្ការទប់ស្កាត់ហានិភ័យនានា ដែលបណ្តាលមកពី សារធាតុអាសបេស្តុស និងជាឧត្តមប្រយោជន៍ដល់ការលើកកម្ពស់សុខភាព សុវត្ថិភាពការងារដល់កម្មករនិយោជិត និងប្រជាជនទូទៅ។

សូមបញ្ជាក់ថា សារធាតុអាសបេស្តុសទាំងនេះ មានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ដែលទាមទារឲ្យមានការស្រាវជ្រាវ និងចងក្រងព័ត៌មានទាក់ទងនឹង ការប្រើប្រាស់សារធាតុនេះ ឱ្យបានជាក់លាក់ ដើម្បីបង្ការ ទប់ស្កាត់ កុំឱ្យមានផលប៉ះពាល់ដល់សុខភាព និងប្រើប្រាស់សារធាតុនេះ ឲ្យបានត្រឹមត្រូវប្រកបដោយសុវត្តិភាព៕