(ភ្នំពេញ)៖ ​លោក លី​ សុខលេង​ ចៅក្រមជំនុំជំរះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានប្រកាស​សាលក្រម​ផ្តន្ទា​ទោស​យុវជន​ វ៉ែន​ សុភាព​ ហៅ​ សាម​ សុភាព​ ដាក់​ពន្ធនាគារ​២ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ចំនួន​២លាន​រៀល ពាក់ព័ន្ធនឹងការគំរាមកំហែង និងជេរប្រមាថដល់អាយុជីវិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមបណ្តាញសង្គម Facebook ។

ជនជាប់ចោទ​ឈ្មោះ វ៉ែន សុភាព ហៅ សាម ភាព ភេទ​ប្រុស អាយុ២៧ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ជ័រ ឃុំ​ព្រៃទទឹង ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ត្រូវ​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកទេស នៃ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។ យុវជនរូបនេះ ត្រូវបានសាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ជា​ផ្លូវការ​ពីបទ គំរាមកំហែង​ថា នឹង​សម្លាប់ និង ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា២៣៣ និង​មាត្រា៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ។

ក្នុង​សវនាការកន្លងទៅ ជនជាប់ចោទ​បាន​សារភាព​ពី​ការប្រើ​សិទ្ធិ​ផ្ទាល់ខ្លួន​ក្នុងការ​បញ្ចេញមតិ ដោយ​ការសរសេរ​លើ​បណ្ដាញ​សង្គម Facebook នោះ គឺ​គ្រាន់តែ​ជាការ​រិៈ​គន់ និង​ប្រមាថ​ចំពោះ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​កែលំអ ហើយ​ជន​ជាប់​បាន​សារភាព​នូវ​កំហុស​របស់ខ្លួន និង​បាន​សុំ​ឲ្យ​តុលាការ​បន្ធូ​បន្ថយទោស ដើម្បី​កសាង​ខ្លួន​ជាថ្មី៕