(ភ្នំពេញ)​៖ អតីត​មាន​ងារ​ជា​ឧកញ៉ា​ និង​ជា​ម្ចាស់​បុរី​៩៩៩​ លោក​ ថោង​ សារ៉ាត់​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ បានបន្ត​គេចវេះ​មិន​ចូល​សវនាការ​ ករណី​បាញ់​សម្លាប់​ លោក​ឧកញ៉ា​ អ៊ឹង​ ម៉េងជឺ​ ដែល​តុលាការ​បាន​ចោទប្រកាន់​លោក​ថោង​ សារ៉ាត់​ ជា​មេខ្លោង​ ។​

សវនាការ​​នេះ​ ដឹកនាំ​ដោយ​មាន​ លោក​ តុប​ ឈុន​ហេង​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​ ហ៊ឹង​ ប៊ុន​ថន​ ជា​តំណាង​អយ្យការ​ ។

សំណុំ​រឿង​ក្តី​នេះ​ បាន​អូស​បន្លាយ​រយៈពេល​ជិត​៣ឆ្នាំ​ហើយ​ ពន្លឺ​យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​ជនរងគ្រោះ​នៅ​ពុំ​ទាន់​មាន​នៅឡើយ​ ។

អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​ បញ្ជាក់​ថា​ លោក​ ថោង​ សារ៉ាត់​ មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​។​ ប៉ុន្តែ​ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​បង្ហើប​ថា​ លោក​ ថោង​ សារ៉ាត់​ យក​លេស​មាន​ជំងឺ​ គេចវេះ​មិន​ចូល​សវនាការ​ និង​ អាច​រស់នៅ​ជា​ធម្មតា​ក្នុង​មន្ទីរពេទ្យ​ ដែល​គេ​ចាត់ទុកថា​ ជា​អ្នក​ទោស​កាលីប​ ។

គួរ​បញ្ជាក់​ថា​ លោក​ ថោង សារ៉ាត់ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ផ្ដើម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២០០ ​និង​ ២៨​ នៃ​ក្រម​ព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ​នៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌ​ចំការមន។​ តា​មច្បាប់ បទល្មើស​នេះ​កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ៕