(ភ្នំពេញ)៖ ប្រធានភូមិ និងអនុប្រធានភូមិ ចំនួន៤ភូមិ រួមមាន៖ ភូមិត្នោតខ្ពស់ ភូមិបឹងខ្នំ ភូមិកន្លែងគល់ និងភូមិចុងថ្នល់ ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ កាលពីពេលថ្មីៗនេះ បានដាក់លិខិតមួយច្បាប់ទៅលោកស្រី ឌី សារៀម ចៅសង្កាត់ពន្សាំង ដោយអះអាងថា «ឧកញ៉ សុខ ហេង ជាអ្នកបញ្ជាឲ្យពួកគាត់ឆូត លុប កែ និងសរសេរបំពេញព្រំប្រទល់ចាស់មកដាក់​ព្រំប្រទល់ថ្មី លើលិខិតផ្ទេរសិទ្ធដីធ្លីចំនួន៤ច្បាប់ ដែលជាដីរួមភូមិចំនួន៧ភូមិ ទំហំជិត១០០ហិកតា»

ជាមួយគ្នានេះ តំណាងប្រជាពលរដ្ឋទាំង៤ភូមិ ក៏បានបញ្ជាក់ថា តាមពិតទីតាំងដីដែលឧកញ៉ សុខ ហេង បានទិញពីពួកគាត់នោះ មិនមែននៅក្នុងភូមិពួកគាត់ទេ គឺនៅទីតាំងភូមិផ្សេង។ ពួកគាត់បានស្មើឲ្យលោកស្រីចៅសង្កាត់ ជួយទប់ស្កាត់ការប្រើប្រាស់លិខិតផ្ទេរសិទ្ធិដីធ្លី ខុសច្បាប់ទាំង៤ច្បាប់នោះផង ពីសំណាក់ឧកញ៉ា សុខ ហេង។

នៅក្នុងលិខិតបញ្ជាក់របស់លោក ប៊ិ បឿន លោក នួន នីម លោក ញ៉ែម អ៊ំ លោក អ៊ុន អ៊ុត លោក បូរ បាន លោក ឃន ខន លោក សុត សុខ និងលោក ប៉ុន សុភី ជាប្រធាន និងអនុប្រធានភូមិទាំង៤ បានរៀបរាប់ថា នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ឈ្មោះ នុត រស្មី ជាកូនចៅឧកញ៉ា សុខ ហេង បានហៅឲ្យពួកខ្លួនទៅជួបឧកញ៉ា នៅឃ្លាំងលក់រថយន្តតាមផ្លូវ ជា សុផារ៉ា ដើម្បីនិយាយរឿងទិញលក់ដី១៣០ហិកតា នៅចំណុចក្តាន់ពង។

បន្ទាប់មកឧកញ៉ា សុខ ហេង បានយកលិខិតផ្ទេរសិទ្ធិដីធ្លីចំនួន៤ច្បាប់ មកឲ្យពួកគាត់ ឆូត លប់ និងកែព្រំប្រទល់ថ្មី ដោយប្រាប់ថា ជាដីនៅចំណុចវាលស្មោញចំនួន៦១ហិកតា និងចំណុចខាងត្បូង ភូមិចុងថ្នល់ចំនួនប្រហែល២០ហិកតា ដែលលោកបានលក់ឲ្យគេរួចហើយ។ ក្រោយឆូត លប់ កែ តាមឧកញ៉ា សុខ ហេង រួចរាល់​គាត់បានឲ្យលុយម្នាក់ចំនួន១០០០ដុល្លារ ដើម្បីជាសគុណដែលបានជួយមើលដីកន្លងមក។

យោងតាមលិខិតបដិសេធ ផ្ញើទៅកាន់ក្រសួងមហាផ្ទៃ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី និងស្ថាប័នពាក់ព័ន្ធមួយចំនួន របស់លោកស្រី ឌី សារៀម ចៅសង្កាត់ពន្សាំង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ លោកស្រីចៅសង្កាត់ បានទទួលស្គាល់លិខិតស្មើសុំរបស់ប្រធានភូមិ និងអនុប្រធានភូមិទាំង៤ និងបានបដិសេធចោលនូវលិខិតផ្ទេរសិទ្ធិដីធ្លីលេខ ២៤៨១/១៣បជ លេខ ២៤៨២/១៣បជ លេខ ២៤៨៣/១៣បជ និងលេខ ២៤៨៤/១៣បជ ទាំងស្រុង ដោយអះអាងថា ប្រជាពលរដ្ឋមិនបានលក់ដីនោះឲ្យឧកញ៉ សុខ ហេង នោះទេ។

ពាក់ព័ន្ធនឹងករណីនេះផងដែរ ក៏មានមន្រ្តីជាន់ខ្ពស់ម្នាក់ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក៏បានចេញលិខិតបដិសេធនូវ​លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីលេខ ២៤៨៤/១៣បជ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ចេញដោយចៅសង្កាត់ពន្សាំង និងបដិសេធចោលនូវរាល់ឯកសារផ្សេងៗទៀត ដែលពាក់ព័ន្ធទៅនឹងដីធ្លីរវាងឈ្មោះ សុខ ហេង លោកស្រី។

ក្នុងលិខិតនោះ មន្រ្តីជាន់ខ្ពស់បានបញ្ជាក់ថា កន្លងមកឈ្មោះ សុខ ហេង ភេទប្រុស អាយុ៥១ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ​៧៨WF ផ្លូវលេខ៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ តែងតែយកឈ្មោះលោកស្រី ទៅប្រើប្រាស់ពាក់ព័ន្ធនឹង​រឿងដីធ្លី ដូចជា៖ ការទិញលក់ ការធ្វើលិខិតផ្ទេរសិទ្ធិ និងឯកសារផ្សេងៗ ដែលការធ្វើបែបនេះ ធ្វើឲ្យអាប់អោនកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកស្រី។ លោកស្រីមិនទទួលស្គាល់ និងមិនទទួលខុសត្រូវចំពោះសកម្មភាពផ្ទុយពីច្បាប់របស់ឈ្មោះ សុខ ហេង ឡើយ។

បើយោងតាមលិខិតផ្ទេរសិទ្ធិដីធ្លី៤ច្បាប់ ដែលមានលេខដូចបានលើកឡើងខាងលើនោះ មានស្នាមកោសលុប និងសរសេរ​ជាន់លើគ្នានោះ គឺស្ថិតនៅទីតាំងដីរួមភូមិទាំង៧ភូមិ រួមមាន៖ ភូមិត្នោតខ្ពស់ ភូមិបឹងខ្នំ ភូមិកន្លែងគល់ ភូមិចុងថ្នល់ ភូមិទួល ភូមិតាស្គរ និងភូមិព្រៃស្វាយ ដូចមាន នៅក្នុងលិខិតបដិសេធរបស់ចៅសង្កាត់ពន្សាំងចុះថ្ងៃទីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។

លិខិតផ្ទេរសិទ្ធិដីធ្លីទាំង៤ច្បាប់ខាងលើ ត្រូវបានឧកញ៉ា សុខ ហេង រៀបចំឡើងដើម្បីស៊ីដាច់ដីរបស់ពលរដ្ឋទាំង៧ភូមិខាងលើ ទើបប្រជាពលរដ្ឋបានដាក់លិខិតបដិសេដ្ឋ ទប់ស្កាត់ រហូតដល់លោកស្រីចៅសង្កាត់ បានចេញលិខិតច្រានចោល​ឯកសាររបស់ឧកញ៉ា សុខ ហេង និងជួយការពារដីធ្លីរបស់ពលរដ្ឋ៕