(ភ្នំពេញ)៖ ភាពយន្តខ្មែរលើកដំបូង ដែលទើប​តែ​ទទួល​បាន​ពាន​រង្វាន់​ «Screening Award» ​ពី​ប្រទេស​ចិន​ កាល​ពី​ចុង​ឆ្នាំ​២០១៦នេះ មានចំណងជើងថា​ «វិកលចរិត» ដែលជាវណ្ណកម្ម​របស់ផលិតកម្ម មាតុ​ចក្រ និងជារឿងទទួលបាន ការចាប់អារម្មណ៍ ទស្សនាច្រើន ពីសំណាក់បងប្អូន​ប្រជាពលរដ្ឋខ្មែរ​ នាពេល​កន្លងមកនោះ កំពុងតែបន្ដដំណើរ ទៅកាន់ខេត្ដបន្ទាយមានជ័យ ​ដោយត្រូវធ្វើការដាក់បញ្ចាំង ចាប់ពីថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

​បើតាមការឲ្យដឹង ពីសំណាក់លោក​ ហ៊ុយ​ យ៉ាឡេង​ ចាងហ្វាងផលិតកម្ម មាតុចក្រ, ជាតួសម្ដែងក្នុងរឿង និងជាអ្នក​ដឹក​នាំរឿង «វិកលចរិត» ផ្ទាល់ បានបង្ហាញឲ្យដឹងថា រឿង «វិកលចរិត» នឹងធ្វើការចាក់បញ្ចាំង ចាប់ពីថ្ងៃ​ទី ២៤​នេះ រហូតដល់ថ្ងៃអង្គារទី ២៨ កុម្ភៈ នៅរោង KL3D ផ្លូវចូលទឹកស្អាត ក្នុងក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ និងសូមអញ្ជើញបងប្អូន នៅក្នុងខេត្តនេះផ្ទាល់ ក៏ដូចជាខេត្តជិតៗគ្នាគ្នា ចូលរួមទស្សនាឲ្យបានច្រើនកុះករ។

មូលហេតុ ដែលលោក ហ៊ុយ​ យ៉ាឡេង​ សម្រេចយករឿង «វិកលចរិត»ទៅដាក់បញ្ចាំក់ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានលោកបញ្ជាក់ថា ពីអតីតកាលលោកបានបញ្ចប់ថ្នាក់វិទ្យាល័យ នៅវិទ្យាល័យសម្តេចឪ ក្នុងខេត្ដបន្ទាយមានជ័យនេះផ្ទាល់តែម្ដង ហើយលោកសូមអញ្ជើញ​ បងប្អូនប្រជាពលរដ្ឋ ជាពិសេសដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស​​នៅវិទ្យាល័យសម្តេចឪ មកចូលរួមទស្សនា ខ្សែភាពយន្ដខ្មែរ រឿង «វិកលចរិត»ទាំងអស់គ្នា ដែលនេះជាខ្សែភាពយន្ដមួយ មានទាំងអ្នកក្នុងស្រុក និងក្រៅស្រុក បានទទួលស្គាល់ ថាពិតជាល្អ។ ការចូលរួមទស្សនា ភាពយន្តរបស់ខ្មែរ គឺជាកម្លាំងចិត្តមួយដ៏ធំធេង ដើម្បីលើកស្ទួយ​ភាពយន្តខ្មែរ និងលើកទឹកចិត្តផលិតករខ្មែរ ដើម្បីបន្តផលិតភាពយន្ត​ឲ្យបានច្រើនផងដែរ៕