​(កណ្តាល)៖ ប្រជាពលរដ្ឋរស់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននិយាយថា ក្រុមឈ្មួញរកស៊ីដឹកដី ដឹកខ្សាច់ ជាច្រើនកន្លែង សព្វថ្ងៃនេះបានបង្កើន ការដឹកជញ្ជូននៅពេលយប់ រហូតដល់ម៉ោងជាង១០យប់ក៏មានដែរ ដែលសកម្មភាពនេះ បានបំពានបំរាមរបស់ក្រសួងរ៉ែ និងថាមពល ដែលអនុញ្ញាតឲ្យ ពួកគេដឹកជញ្ជូនត្រឹមម៉ោង៦ល្ងាចប៉ុណ្ណោះ។

ប្រជាពលរដ្ឋមូលដ្ឋាន បាននិយាយថា «រថយន្តដឹកជញ្ជូននៅពេលយប់នេះ គេមិនវេចខ្ចប់ត្រឹមត្រូវនោះទេ ដោយដាក់ដី ឬខ្សាច់ពោរហៀរធ្លាក់មកលើផ្លូវ បង្កឲ្យផ្លូវកៅស៊ូប្រែក្លាយទៅជាផ្លូវដីហុយ ងងិតចូលភ្នែកអ្នកដំណើរ អាចបង្កជាគ្រោះថ្នាក់ កើតឡើងជាយថាហេតុក៏មានដែរ»

លោក អុំ ស៊ិន ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកណ្តាលស្ទឹង បាននិយាយថា រថយន្តធុនទំងន់ជិត១០០តោន ជាច្រើនគ្រឿងបានដឹកដី ដឹកខ្សាច់ នៅពេលយប់រហូតដល់យប់ជ្រៅ ដោយមិនមានគ្របនោះទេ ហើយដាក់ពោររថយន្ត ធ្លាក់ដីមកលើផ្លូវកៅស៊ូ បង្កឲ្យមានធូរលីហុយ ងងិតឡើងចូលភ្នែកអ្នកដំណើរ ម៉ូតូ និងបង្កគ្រោះចរាចរណ៍កើតជារើយៗផងដែរ។ នៅពេលមានភ្លៀងធ្លាក់បង្កឲ្យរអិលដួល និងដួលចូលទៅក្រោម រថយន្តកិនស្លាប់នេះ ដោយសារការដឹកបង្ហៀរដីលើផ្លូវជាតិ។

សូមបញ្ជាក់ថា មន្រ្តីក្រសួងរ៉ែ និងថាមពល បានចុះពង្រឹងច្បាប់ដឹកជញ្ជូន សារធាតុរ៉ែនៅលើដងផ្លូវជាតិ ត្រូវវេចខ្ចប់់ឲ្យបានត្រឹមត្រូវ ទើបអនុញ្ញាតឲ្យដឹកជញ្ជូននៅលើដងផ្លូវជាតិ ហើយមិនអនុញ្ញាតឲ្យដឹកជញ្ជូននៅពេលយប់នោះទេ គឺអាចដឹកជញ្ជូនបានត្រឹមតែម៉ោង៦ល្ងាចតែប៉ុណ្ណោះ បើរណ្តៅដីណា មិនគោរពតាមការណែនាំនេះ ក្រសួងចុះផ្អាកបណ្តោះអាសន្ន បើមិនរាងចាល នឹងដកអាជ្ញាប័ណ្ណអាជីវកម្មកចោលតែម្តង។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា «ក្រសួងបានចុះពង្រឹង១រយៈខ្លី គេឃើញក្រុមអ្នកដឹកដីខ្សាច់ អនុវត្តបានត្រឹមតែ១រយៈខ្លីតែប៉ុណ្ណោះ ស្រាប់តែសកម្មភាពដឹកជញ្ជូន មិនគោរពច្បាប់ចាប់ផ្តើមបន្តទៀត ដោយមិនមានការឃ្លាំមើល និងទប់ស្កាត់ពីជំនាញនោះទេ ដូច្នេះការពង្រឹងច្បាប់ដឹកជញ្ជូនសារធាតុ លើដងផ្លូវជាតិហាក់បីដូចជា ពុំមានប្រសិទ្ធភាព»