(បន្ទាយមានជ័យ)៖ គិតត្រឹមវេលាម៉ោង១០៖៥០នាទី ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បងប្អូនអូសរទេះដឹកត្រី​បានយល់​ផ្អាក​ការតវ៉ា ជាបណ្តោះអាសន្នហើយ នៅស្ពានច្រកទា្វរអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីភាគីថៃ បានយល់ព្រមយកថ្លៃ​ពន្ធនាំចូលត្រី ត្រឹម៥០០បាតវិញ ក្នុងមួយរទេះ តែការសម្រេចនេះ មានសុពលភាពត្រឹមថ្ងៃទី២៨ ខែកុម្ភៈ តែប៉ុណ្ណោះ ហើយនៅដើមខែមីនា នឹងមានការសម្រេចថ្មី។

ការសម្រេចបែបនេះ បានធ្វើឡើងបន្ទាប់ពីភាគីខ្មែរដឹកនាំដោយអភិបាលក្រុងប៉ោយ​ប៉ែត លោក ង៉ោ ម៉េងជ្រួញ លោក ស៊ឹម សំអាត ប្រធានច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងប្រធានការិយាល័យគយ និងរដ្ឋាករ ជាមួយភាគីថៃ។ បន្ទាប់ពីមានការ​សម្រេចបែបនេះ កម្មករអូសរទេះទាំងអស់ បានយល់ព្រមបញ្ឈប់ការតវ៉ាសិន និងនាំចូលត្រីទៅថៃដូចធម្មតារ។

យ៉ាងណាក៏ដោយ សម្រាប់ការចរចារយៈពេល២ថ្ងៃនេះ គេមិនដែលឃើញមានវត្តមាន ប្រធានទំនាក់ទំនងការិយាល័យព្រំដែន និងប្រធានអគ្គកុងស៊ុលខ្មែរ ប្រចាំខេត្តស្រះកែវចូលរួមដោះស្រាយនោះទេ។

សូមបញ្ជាក់ថា រយៈពេល២ថ្ងៃនេះ កម្មករខ្មែរអូសរទេះដឹកត្រី នៅប៉ោយប៉ែត បានផ្ទុះការតវ៉ាយ៉ាងខ្លាំង រហូតចាក់ត្រីចោល និងយកត្រីទាំងនោះ ដាក់លើខ្ទះចៀននៅលើស្ពាន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយសារតែពួកខឹងមន្រ្តី និងសមត្ថកិច្ចថៃ សម្រេចតម្លើងថ្ងៃពន្ធខ្លាំងពេក។

តាមកម្មករអូសរទេះ បានប្រាប់ភ្នាក់ងារ Fresh News ថា ពីមុនត្រីមួយរទេះ២០០គីឡូក្រាម សមត្ថកិច្ចថៃយកពន្ធចន្លោះពី៣០០ ទៅ៤០០បាត តែនៅពេលនេះ ស្រាប់តែយកពន្ធរហូតដល់១៥០០បាតទៅវិញ ជាហេតុនាំពួកគេផ្ទុះការតវ៉ាតែម្តង៕