(ភ្នំពេញ)៖ បុណ្យល្ខោនដ៏ធំអស្ចារ្យមួយ នឹងត្រូវប្រារព្ធធ្វើឡើង រយៈពេល៣ថ្ងៃ ​គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា នៅលើទឹកដីនៃ​ឃុំវិហារសួគ៌ ខេត្តកណ្ដាល ដើម្បីចូលរួមលើកស្ទួយ វិស័យសិល្បៈវប្បធម៌ខ្មែរ ទាំងសម័យ និងបុរាណ ព្រមទាំងបំផុតស្មារតីដល់យុវវ័យ ឲ្យងាកមកចាប់អារម្មណ៍លេងកីឡា ដើម្បីសុខភាព និងអភិរក្សក្បាច់គុនបុរាណខ្មែរ ខណៈដែលកម្មវិធីបុណ្យដ៏ធំនេះ ក៏មានបញ្ចូលនូវប្រភេទកីឡា​​ជាច្រើនផងដែរ ក្នុងន័យញ៉ាំងកម្មវិធីបុណ្យ ឲ្យកាន់តែអធិកអធមឡើង។

កម្មវិធីបុណ្យល្ខោន​ ក្រោមអត្ថន័យរួមថា «បុណ្យល្ខោនខ្មែរ និងការប្រកួតកីឡាយុវជន នៅលើទឹកដីត្បូងពេជ្រ វិហារសួគ៌» ត្រូវបានគេដឹងថា គឺជាការផ្ដួចផ្ដើមឡើង ដោយលោកឧកញ៉ាវ័យក្មេង ស្រី ចាន់ថន ប្រធានក្រុមការងារយុវជន​​១៥៧ ប្រចាំខេត្តកណ្ដាល និងជាអគ្គនាយកក្រុមហ៊ុន Jet Group និង Sky Land ដោយគ្រោងចំណាយថវិកា ប្រមាណ៦ម៉ឺនដុល្លារ ដើម្បីធ្វើពិធីបុណ្យដ៏ធំមួយនេះ។ ក្នុងនោះក៏មានការរៀបចំជាពានរង្វាន់ ប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភដល់អ្នកចូលរួម ដែលបានបញ្ចេញសមត្ថភាពប្រកួតប្រជែង ក្នុងប្រភេទកីឡានីមួយៗ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​ នៅក្លឹប Jet star នៅថ្ងៃទី២៣ ខែកុម្ភៈ លោកឧកញ៉ា ស្រី ចាន់ថន បាន​បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ព្រឹត្តិការណ៍ «បុណ្យល្ខោនខ្មែរ និងការប្រកួតកីឡាយុវជន នៅលើទឹកដីត្បូងពេជ្រ វិហារសួគ៌» នឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំមួយ មិនធ្លាប់មានដែលនឹងត្រូវប្រព្រឹត្តិឡើង រយៈពេល៣យប់៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៧ ដែលមានទាំងការ​តាំងពិព័រណ៍ប្រគំតន្ត្រី ប្រកួតកីឡា ប្រឡង​ប្រជែងសិល្បៈល្ខោន និងលេងកីឡា​ជាច្រើនប្រភេទ។ ពិធីបុណ្យល្ខោនមាន​លក្ខណៈ​ទ្រង់ទ្រាយធំ ពុំធ្លាប់មាននេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់សិល្បៈវប្បធម៌របស់ជាតិ ឲ្យមានការចាប់អារម្មណ៍​ ទាំងសិល្បៈបុរាណ សម័យ និងកីឡា​ ក្នុងនោះ​ក៏មានចក្ខុវិស័យមួយទៀត គឺដើម្បីទាក់ទាញទេសចរណ៍ ផងដែរ។

លោកឧកញ៉ា ដែលបានចំណាយធនធាន ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីរៀបចំពិធីបុណ្យរូបនេះ បានបញ្ជាក់ទៀតថា បានជារូបលោក ក៏ដូចជាក្រុមការងារ ដាក់ចំណងជើងបុណ្យថា ​«បុណ្យល្ខោនខ្មែរ និងការប្រកួតកីឡាយុវជន នៅលើទឹកដីត្បូងពេជ្រ វិហារសួគ៌» ព្រោះតែតំបន់​នេះ ជាកន្លែងមួយដែលប្រមូលផ្ដុំ ទៅដោយការជួបជុំ លេងកីឡា សិល្បៈ ការប្រកួតប្រែង និងជាតំបន់កំពុងអភិវឌ្ឍន៍ខ្លាំងស្ទើរគ្រប់វិស័យ និងជាកន្លែងមានឈ្មោះល្បីល្បាញ តាំងពីយូរយាមកហើយ សម្រាប់រៀបចំពិធីកម្សាន្តនានា។ នេះក៏ជាមោទនភាពមួយសម្រាប់តំបន់ វិហារសួគ៌ ដែលផុសចេញ ជាគំនិតផ្តួចផ្តើម ប្រកបដោយឧត្តគតិ ក្នុងការលើកកម្ពស់វិស័យវប្បធម៌ បរិស្ថានរបស់ជាតិយើង។

លោកឧកញ៉ាបន្តថា ជាពិសេសអ្វីដែលចាប់អារម្មណ៍ យើងបានដុតដៃដុតជើងគ្នា ក្នុងគោលបំណង ដើម្បីតែទេសចរណ៍​​វប្បធម៌ខ្មែរ បរិស្ថានខ្មែរ និងតំបន់វិហារសួគ៌។ យើងមានវត្តវិហារសួគ៌ ដែលទាក់ទង និងប្រវត្តិសាស្ត្រ​ រឿងបក្សីចាំ​ក្រុង ខណៈ ដែលលោករំពឹងថា ព្រឹត្តិការណ៍នេះ ទាញបានការចាប់អារម្មណ៍ខ្លាំង ពីស្រទាប់មហាជន​ តាមរយៈការ​សម្ដែងសិល្បៈបុរាណ ខ្មែរ មានច្រើនទម្រង់ ក្នុងនោះមាន៣ប្រភេទ គឺប្រភេទ ល្ខោនបាសាក់ យីកេ និងល្ខោននិយាយ ហើយក្រៅពីការសម្ដែងល្ខោនខោល ដែលជាចំណុចស្នូល​របស់កម្មវិធី ក៏មានកម្មវិធីប្រកួតកីឡាផ្សេងទៀត ក៏ត្រូវបានដាក់បញ្ចូលផងដែរ។ ក្នុងនោះមានដូចជាការប្រណាំងសេះ ប្រណាំងក្របី ប្រដាល់ ចំបាប់ ​និងប្រណាំងម៉ូតូ​ជាដើម ដែលសរុបកីឡាករ អត្តពលិក ប្រមាណជិត៤០០នាក់ឯណោះ។

លោកឧកញ៉ា បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះនឹងរំពឹងថា ទទួលបានជោគជ័យ ព្រោះតែមានការចាប់អារម្មណ៍ខ្លាំង ហើយក៏មានអ្នកចូលរួមឧបត្ថម្ភច្រើនផងដែរ ប៉ុន្តែនៅពេលដែលទទួលបានជោគជ័យហើយ ថវិកាដែលប្រមូលបានពីសប្បុរសជន និងអ្នកឧបត្ថម្ភនានា គឺលោកឧកញ៉ា នឹងយកទៅជួយដល់មន្ទីរ​ពេទ្យ កុមារអង្គរ ចាស់ជរា និងអ្នកសិល្បៈបាត់បង់សមត្ថភាព ​ជាការងារជួយដល់សង្គមមួយ ដែលលោកឧកញ៉ា ក៏ដូចជាក្រុមការងាររបស់លោក តែងតែធ្វើសកម្មភាព នេះ​រហូតមក៕