(ភ្នំពេញ)៖ ក្រុមហ៊ុន Sabay បានដាក់ឲ្យដំណើរការកម្មវិធី ទូរស័ព្ទប្រលោម​លោក «Sabay E-Novel» ដល់ប្រិយមិត្តអ្នកអានរបស់ខ្លួន ដោយបានបើកពិធីសម្ពោធ យ៉ាងអធិកអធម នាល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅលើអគារភ្នំពេញ ថាវ័រ ជាន់ទី២២ ក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay ព្រមទាំងក្រុមការងារ សិល្បករ-សិល្បការិនី និងដៃគូពាណិជ្ជកម្មជាច្រើន​នាក់​ទៀត។

លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay បានថ្លែងឲ្យដឹងថា នេះជាជំហានថ្មីមួយទៀត របស់ ​Sabay ដែលជាការលើកកម្ពស់​ស្នាដៃនិពន្ធ របស់អ្នកនិពន្ធថ្មីៗ និងអ្នកនិពន្ធជំនាន់មុន ដែលស្នាដៃទាំងនោះ ត្រូវបានកប់បាត់ក្នុងសង្គ្រាម ឬត្រូវបានបំភ្លេចចោល ដោយសារការធ្លាក់ចុះនៃទម្លាប់អាន នៅកម្ពុជា។ លោកបន្តថា ប្រលោមលោកសប្បាយ គឺជាវេទិ​កាមួយ ជំរុញឲ្យអ្នកនិពន្ធចាប់ផ្ដើម បង្កើតស្នាដៃថ្មីឡើងវិញ និងបានជួយសម្រួល​ឲ្យអ្នកនិពន្ធ និងអ្នកអាន​ខិតជិតគ្នា ហើយអ្នកទាំងពីរ​នឹងទទួលបានផលប្រយោជន៍ ពីគ្នាទៅវិញទៅមក។

លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងក្នុងឱកាសនោះថា លោកស្រីសូមគាំទ្រយ៉ាងពេញទំហឹង​​ចំពោះកម្មវិធីនេះ ព្រោះ​ជាការរួមចំណែក​លើកកម្ពស់ ការអាន និងការសរសេរ​នៅកម្ពុជា។ លោកស្រីសង្ឃឹមថា អ្នកនិពន្ធនឹងប្រឹងប្រែងបង្កើតស្នាដៃថ្មីៗ និងល្អៗ ដើម្បីបំពេញតម្រូវការ អ្នកអាន។

លោក ឃុត សុឃឿន អ្នកគ្រប់គ្រងកម្មវិធីប្រលោមលោក ​Sabay បានបញ្ជាក់ថា រហូតមក​ដល់ពេលនេះ ​Sabay បានសម្រិតសម្រាំងប្រលោមលោក ប្រកបដោយគុណភាព​រាប់រយគ្រឿង រួមមានប្រភេទ មនោសញ្ចេតនា គុននិយម ព្រឺព្រួច ស៊ើបអង្កេត អាថ៌កំបាំង និងរឿងល្បីៗ ទាំងអស់របស់ខ្មែរ និងបរទេស។ កម្មវិធី ប្រលោមលោក «Sabay E-Novel» ក៏មានឃ្លីបប្រលោមលោក ជាសំឡេង និងល្ខោនវិទ្យុ ល្អៗជាច្រើនទៀត ផងដែរ។

សូមបញ្ជាក់ថា កម្មវិធីទូរស័ព្ទ ប្រលោមលោក «Sabay E-Novel» អាចទាញយក (Download) ពី Play Store ខណៈ App Store នឹងអាចទាញយកក្នុងពេលឆាប់នេះ៕