(ភ្នំពេញ)៖ បណ្ឌិត្យសភានគរបាលកម្ពុជា សកលវិទ្យាល័យនគរបាលកូរ៉េ និងស្ថាប័នបណ្តុះបណ្តាល​នគរបាលមកពី​បណ្តា​ប្រទេស​ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជាច្រើនទៀត បានរួមគ្នាបង្កើតសមាគមស្ថាប័នហ្វឹកហ្វឺននគរបាលទ្វីអាស៊ី (APTA) ដើម្បី​លើក​កម្ពស់គុណភាពអប់រំដល់មន្រ្តីនគរបាល។

ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង ក្នុងដំណើរបំពេញទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានៅទីក្រុងសេអ៊ូល ដែលចាប់ពីថ្ងៃទី២១-២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

ដំណើរទស្សនកិច្ចនេះតបតាមការ អញ្ជើញរបស់ឧត្តមសេនីយ៍ឯក Suh Bum Soo សកលវិទ្យាធិការ នៃសកលវិទ្យាល័យ​នគរបាលកូរ៉េ។

សមាជិកសមាគមស្ថាប័នហ្វឹកហ្វឺននគរបាលក្នុងទ្វីបអាស៊ីនេះ រួមមាន៖ បណ្ឌិត្យសភានគរបាលកម្ពុជា សកលវិទ្យាល័យ​នគរបាល​កូរ៉េ ព្រមទាំង ១៩ស្ថាប័នបណ្តុះបណ្តាលនគរបាល មកពី ១៤ប្រទេសផ្សេងទៀត។ សមាគមនេះ ធ្វើឡើងក្នុង​គោលបំណង ពង្រីងកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាល និងស្រាវជ្រាវកិច្ចការ​នគរបាលរវាង​បណ្ឌិត្យសភា​នគរបាលកម្ពុជា និងស្ថាប័នបណ្តុះបណ្តាល នគរបាលក្នុងក្របខណ្ឌអន្តរជាតិ។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង នាយឧត្តមសេនីយ៍ សេង ផល្លី ក៏បានជួបពិភាក្សា​ធ្វេភាគីជាមួយ​​ឧត្តមសេនីយ៍ឯក Suh Bum Soo សកលវិទ្យាធិការ នៃសកលវិទ្យាល័យនគរបាលកូរ៉េ និងបណ្តា​ប្រធាន​គណប្រតិភូមួយចំនួនផ្សេងៗទៀត ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាលើការងារបណ្តុះបណ្តាល ការងារស្រាវជ្រាវ​កិច្ចការនគរបាល និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ជាមួយគ្នានេះគណៈប្រតិភូ ក៏បានទៅ​ទស្សនកិច្ចផ្ទាល់​នៅតាមអង្គភាព​ដឹកនាំ​បញ្ជាកងកម្លាំង​នគរបាល​នៅទីក្រុង​សេអ៊ូល ដើម្បីស្វែងរក​ការងារបណ្តុះ​បណ្តាល និងអង្គភាព​ប្រើប្រាស់កងកម្លាំង៕