(ក្រចេះ)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តក្រចេះនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះធ្វើការផ្សព្វផ្សាយ ពីសុវត្ថិភាពម្ហូបអាហារ នៅសាលាបឋមសិក្សាត្រពាំងស្រែ ខេត្តក្រចេះ។

លោក រស់ សន្និសីទ អនុប្រធានសាខាបានថ្លែងថា បច្ចុប្បន្ននេះសាខាកាំកុងត្រូលមានភារកិច្ចសំខាន់ត្រួតពិនិត្យទំនិញនៅតាមទីផ្សារ ព្រមទាំងនិញនាំ ចេញ-នាំចូល និងបង្រ្កាបការកែ្លងបន្លំ។

លោកថា គោលបំណងវគ្គផ្សព្វផ្សាយនេះ បញ្ជ្រាបការយល់ដឹងអំពីសុវត្ថិភាពចំណីអាហារដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដើម្បីចូលរួមទបស្កាត់ការចរាចរណ៍ទំនិញពុំមានគុណភាព ខ្វះអនាម័យ ជាពិសេស ផលិផលម្ហូបអាហារដែលផលិតមិនបានត្រឹមត្រូវ តាមស្តង់ដារបច្ចេកទេស ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងសង្គម ព្រមទាំងយល់ដឹងជាបឋមពីច្បាប់ បទដ្ឋានគតិយុត្តិនានា ជុំវិញការផលិតចែកចាយអាហារពុំមានសុវត្ថិភាព ពីកន្លែងផលិតរហូតដល់តុបរិភោគ។

លោកសុំឲ្យធ្វើការសំរេចចិត្តបានត្រឹមត្រូវ ក្នុងការជ្រើសរើសម្ហូបអាហារទៅបរិភោគ និងបន្តផ្សព្វផ្សាយដល់មិត្តភក្កិ ក្រុមគ្រួសារ និងរបស់ខ្លួនសហគមន៍៕