(កណ្តាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹង​មូលដ្ឋាន​ខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល បានជួបសំណេះសំណាល ជាមួយបេក្ខភាពក្រុមប្រឹក្សាឃុំ តំណាងឲ្យគណបក្សប្រជាជនកម្ពុជា មកពីឃុំទាំង០៧ នៅក្នុងស្រុកមុខកំពូល នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងឱកាសនោះ លោក វង្សី វិស្សុត បានស្នើដល់មន្រ្តីបក្សទាំងអស់ ត្រូវបន្តចូលរួមទ្រទ្រង់ ដល់ការអភិវឌ្ឍមូលដ្ឋាន ស្រុក​មុខ​កំពូល និងបន្តធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗ ឱដូចភ្លៀងរលឹម ជាពិសេសការជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ ទីទ័លក្រ ជនចាស់ជរាគ្មានទីពឹង និងក្មេងកំព្រាជាដើម។

លោក វង្សី វិស្សុត បានសំដែងនូវការអបអរសាទរ ចំពោះបងប្អូនដែលជាបេក្ខភាពក្រុមប្រឹក្សាឃុំនិង បានផ្តល់ការណែនាំ ដល់បងប្អូនទាំងអស់ ត្រូវខិតខំបម្រើប្រជាជន និងលើកកម្ពស់ជីវភាព របស់ប្រជាជន និងការអភិវឌ្ឍន៍ នៅក្នុងក្របខណ្ឌកម្ម វិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

លោកបានលើកឡើងថា ជ័យជំនះរបស់បងប្អូន នៅក្នុងការបោះឆ្នោត នាខែមិថុនាខាងមុខនេះ មិនមែនត្រឹមជាជ័យជំនះ របស់បងប្អូនផ្ទាល់ និងសម្រាប់គណបក្សប៉ុណ្ណោះទេ តែក៏ជាជ័យជំនះរបស់ប្រជាជន និងប្រទេសជាតិរបស់​យើងទាំងមូល​ផងដែរ។ ជ័យជំនះនេះ គឺកត្តាដ៏សំខាន់បំផុត ក្នុងការបន្តធានារក្សាបាននូវសុខសន្តិភាព ឯកភាពជាតិ អធិបតេយ្យភាព ជាពិសេសដើម្បីបន្តកសាង និងទ្រទ្រង់ដល់ការអភិវឌ្ឍប្រទេសជាតិរបស់យើង ឱ្យកាន់តែមានការរីកចម្រើនជឿនលឿន ដើម្បីឲ្យកូនចៅរបស់យើងបានស្គាល់នូវភាពរុងរឿង និងសម្បូរសប្បាយ ដូចប្រជាជាតិ នៃបណ្តាប្រទេសជឿនលឿនដទៃ។ លើសពីនេះ ជ័យជំនះនេះ ក៏ជាការពារនូវសមិទ្ធផលទាំងឡាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលយើងបានខិតខំ​កសាងដោយលំបាកលំបិន តាំងពីបាតដៃទទេ ឱ្យនៅគង់វង្ស មិនឲ្យដើរត្រលប់ថយក្រោយ ដូចធ្លាប់មានពីអតីតកាល ។

លោក វង្សី វិស្សុត ក៏បានជម្រាបជូនដល់បេក្ខភាព ក្រុមប្រឹក្សាឃុំទាំងអស់បានជ្រាប អំពីស្ថានភាព នយោបាយ ក្នុងប្រទេសនា​ពេលថ្មីៗ​នេះផងដែរ។ ជាមួយគ្នានោះ លោកក៏បានឧទ្ទេសនាម អំពីចំណុចប្រៀបរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាអំពី​ស្ថាន​ភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេស ដែលមានលក្ខណៈ អំណោយផល ជាពិសេសអំពីការខំតខំប្រឹងប្រែង​របស់​រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស និងការកែទម្រង់ លើគ្រប់វិស័យ ដើម្បីសម្រាលការលំបាក និងលើកស្ទួយជីវភាពរស់​នៅប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេសកម្មករ និងអ្នកមានចំណូលទាប រួមទាំងការលើកកម្ពស់នូវភាព​ជាដៃគូរវាងរារដ្ឋាភិបាល​ជាមួយនឹងដៃនិងតួអង្គពាក់ព័ន្ធ ដូចជាសហជីពជាដើម។

លោក វង្សី វិស្សុត បានផ្តាំផ្ញើដល់បេក្ខភាពក្រុមប្រឹក្សាឃុំទាំងអស់ ដើម្បីបន្តធ្វើអំពើល្អ ហើយបន្តកែលំអរចំណុចខ្វះចន្លោះ ដើម្បីម្រើប្រជាជន ដោយភាពស្មោះត្រង់ និងត្រូវខិតខំដោះស្រាយបញ្ហានានា របស់ប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយ​រួសរាន់ពេលវេលា ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈ ដល់ប្រជាជន និងដោះស្រាយ​បញ្ហាទំនាស់​នានានៅក្នុងមូលដ្ឋាន ដោយប្រកាន់ភ្ជាប់នូវគោល ការណ៍ច្បាប់ និងគោលការណ៍មនុស្សធម៌ និងយុត្តិធម៌ ព្រមទាំង​ត្រូវពង្រឹងការអនុវត្តគោល នយោបាយភូមិឃុំ មានសុវត្ថិភាព ជាពិសេសការលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញឿន ព្រមទាំងល្បែងស៊ីសង គ្រប់ប្រភេទ។

លោកក៏បានលើកឡើងពី ស្ថានភាព យុទ្ធសាស្រ្ត និង គោលនយោបាយសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ជាពិសេស​យុទ្ធសាស្ត្រគន្លឹះចំនួន៣ ដែលគណៈពង្រឹង និង មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវ រួមគ្នាអនុវត្តឱ្យមានប្រសិទ្ធ​ភាពខ្ពស់ ដើម្បីបន្តទទួលបាននូវការគាំទ្រ និងជ័យជំនះក្នុង ការបោះឆ្នោតនាពេលខាងមុខ៕