(កណ្តាល)៖ ប្រជាពលរដ្ឋ១គ្រួសារ បានរំកិលផ្ទះចាស់មួយខ្នង ចូលមកចំណែកផ្លូវលំរបស់ប្រជាពលរដ្ឋ ចំនួន៤គ្រួសារដែលធ្លាប់ ចេញតាំងពីតំណរឪពុកម្តាយពួកគាត់មកម្ល៉េះ ធ្វើឲ្យផ្លូវលំមួយខ្សែនេះ តូចចង្អៀតចេញចូលផ្ទះលែងរួច ទើបមានការប្តឹងផ្តល់គ្នា ចាប់តាំងពីថ្នាក់អាជ្ញាធរមូលដ្ឋាន រហូតដល់សាលាដំបូងខេត្តកណ្តាល និងបន្តទៅដល់សាលាឧទ្ធរណ៍។

ទីតាំងទំនាស់នេះ ស្ថិតនៅក្នុងភូមិព្រែកជ្រៅ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។

អ្នកស្រី សំ ចាន់ណា ដែលជាម្ចាស់ផ្ទះម្នាក់បាននិយាយថា ផ្លូវមួយខ្សែនេះមានប្រវែង១៥០ម៉ែត្រ ជាផ្លូវចូលផ្ទះពួកគាត់ទាំង៤គ្រួសារ ដែលធ្វើដំណើរតាំងពីតំណរជីដូនជី តាមឪពុកម្តាយពួកគាត់មកម្ល៉េះ ដោយពីមុនផ្លូវនេះ អាចចេញចូលរទេះគោ ឬរថយន្តដឹកផល កសិកម្ម ចេញចូលបានដោយស្រួល លុះដល់អំឡុងខែធ្នូ ឆ្នាំ២០១៥ ឈ្មោះ ជួប ផាត បានរំកិលផ្ទះមកលើផ្លូវដើររបស់ពួកគាត់ ធ្វើឲ្យផ្លូវនេះ មានសភាពតូចចង្អៀត ចេញចូលលែងរួច។

ដោយសារតែឈ្មោះ ជួប ផាត បានលួចរំកិលផ្ទះទើបធ្វើឲ្យផ្លូវនេះ តូចចង្អៀតចេញចូលលែងរួច ហើយពួកគាត់ បានសុំការសម្រួល ពីម្ចាស់ផ្ទះនេះផងដែរ ប៉ុន្តែគាត់មិនព្រមទើបពួកគាត់ទាំង៤គ្រួសារ នាំគ្នាទៅប្តឹងអាជ្ញាធរភូមិ-ឃុំ ដោយសារតែអាជ្ញាធរ ភូមិ-ឃុំដោះស្រាយ ជូនពួកគាត់មិនបាន ទើបពួកគាត់បន្តប្តឹងទៅសាលាដំបូងខេត្តកណ្តាល រហូតដល់សាលាឧទ្ធរណ៍។

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ លោកព្រះអាជ្ញាអមសាលាឧទ្ធរណ៍ម្នាក់ បានដឹកនាំមន្ត្រីជំនាញ ចុះទៅពិនិត្យ និងធ្វើការវាស់វែង ដីទំហំផ្លូវ និងផ្ទៀងផ្ទាត់ជើងតាងចាស់ និងវាស់ទំហំដីផ្ទះរបស់ឈ្មោះ ជួប ផាត ផងដែរ ដើម្បីស្វែងរកដំណោះស្រាយជូនពួកគាត់។

អ្នកស្រីបានបន្តទៀតថា មុនពេលគ្រួសារលោក ជួប ផាត រំកិលផ្ទះនេះទៅមុខនោះ ពួកគាត់ទាំង៤គ្រួសារ ចេញចូលផ្ទះបានដោយ ងាយស្រួល សូម្បីតែរថយន្តដឹកដីក៏ចេញចូលរួមដែរ និងរថយន្តដឹកកសិផលនានា អាចចេញចូលរួមតាមច្រកផ្លូវនេះ ដោយកាលពី ឆ្នាំ២០១៣ លោកអភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ បានយកថ្មម៉ិច ទៅចាក់ដើម្បីសម្រួលដល់ប្រជាពលរដ្ឋឲ្យចេញចូល ផ្ទះបានកាន់តែងាយស្រួលបន្ថែមទៀត ស្រាប់តែលោក ជួប ផាត រំកិលផ្ទះបិតផ្លូវនេះតែ​ម្តង។

អ្នកស្រីបានលើកឡើងដោយចម្ងល់ថា «ចុះបើបុគ្គលម្នាក់នេះ បិទផ្លូវចេញចូលមិនបានបែបនេះ ចុះបើមានគ្រោះអគ្គិភ័យ កើតឡើង នោះទើបក្រុមជួយសង្គ្រោះ ចូលទៅសង្គ្រោះយ៉ាងម៉េចកើត ហើយបញ្ហានេះ អ្នកណាជាអ្នកដោះស្រាយ ជូនពួកគាត់និងទទួលខុស លើលំនៅដ្ឋាន ដូច្នេះហើយសូមសំណូមពរដល់ថ្នាក់ដឹកនាំ  មេត្តាជួយដោះស្រាយទុកលំបាក ប្រជាពលរដ្ឋទំាង៤គ្រួសារនេះផង ដើម្បីបង្កាទប់ស្កាត់គ្រោះថ្នាក់កើតឡើងជាយថាហេតុ»

អ្នកស្រីបានបន្តថា ពួកគាត់ប្តឹងផ្តល់នេះ គឺមិនចង់បានអ្វីក្រៅពីសុំការអន្តរាគមន៍បើកផ្លូវនោះទេ ដើម្បីតែប្រយោជន៍រួមប៉ុណ្ណោះ  ព្រោះផ្លូវដើរ គឺជាកត្តាសំខាន់ផុតក្នុងការរស់នៅអ្នកណាក៏ត្រូវការផ្លូវដើរ ដែរ ប៉ុន្តែបុគ្គលជួប ផាត បែរជាចង់បិទផ្លូវទៅវិញដែលជា សកម្មភាពមួយអសីលធម៌បំផុត។

ចំណែកលោក ជួប ផាត  វិញបាននិយាយថា គាត់រំកិលផ្ទះចាស់គាត់មិនមានបង្រីកបន្ថែមនោះទេ ហើយចំណែកម្ខាងនៃដីគឺបាន រំកិលដល់ព្រំដីហើយ បើមាននៅសល់ដីចំហៀងផ្ទះម្ខាងទៀត គឺគាត់រំកិលឲ្យទូលាយមិនឲ្យលំបាកនោះទេ ប៉ុន្តែការតូចចង្អៀតនេះ មិនមែនមកពីគាត់រំកិលផ្ទះនោះទេ គឺដោយសារតែគាត់ចាក់ដីទីផ្ទះខ្ពស់ទើបធ្វើឲ្យផ្លូវមានស្ថានភាពតូច ហើយប្រសិនបើយើង ចាក់ដីផ្លូវឲ្យ មានកម្ពស់ស្មើគ្នានោះវាយ និងមើលទៅឃើញធំទូលាយរថយន្តអាចចេញចូលមិនទើសនោះ ដូច្នេះបើអ្នករស់នៅផ្ទះ ខាងក្រោយ៤គ្រួសារ ពិបាកចេញចូលគាត់និងចាក់ដីលុបបំពេញជូន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ខែធ្នូ ឆ្នាំ២០១៥ មេឃុំរកាកោង៣បានចេញលិខិតមួយច្បាប់ដើម្បីផ្អាក ការរុញផ្ទះរបស់ឈ្មោះ ជួប ផាត នេះ ប៉ុន្តែលិខិតនេះមិនអាចបញ្ឈប់សកម្មភាពរុញផ្ទះនេះបានឡើយ ពេលនេះគេឃើញផ្ទះនេះរុញមកដល់គោលដៅ និងបានកែ សម្រួលជញ្ជាំងនិងជើងតាងមួយចំនួន ផងដែរ។

មន្ត្រីជំនាញចុះទៅវាស់វែងនោះបាននិយាយថា ការចុះមកពេលនេះគឺគ្រាន់តែវាស់វែងពីទំហំផ្លូវនិង ទំហំទំនាស់តែប៉ុណ្ណោះ ដើម្បីស្វែងរកចំណុចត្រូវដោះស្រាយ មិនមានចុះមកអនុវត្តន៍ឬសម្រេចអ្វីនោះ ទេ៕