(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសប្រឆាំងដាច់ខាតចំពោះ ជនឬក្រុមភេរវកម្មទាំងឡាយណា ដែលប៉ុនប៉ងបំផ្លាញដល់សន្តិសុខ និងសន្តិភាពរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះសម្តេចបានប្រកាសឱ្យសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ ដាក់វិធានការណ៍ជាបន្តបន្ទាប់ ដើម្បីទប់ស្កាប់ការលើបញ្ហាទាំងនេះ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកទិសដៅ ការងារឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រងជនបរទេសនៅក្នុងប្រទេស ហើយត្រូវត្រួតពិនិត្យនិងគ្រប់គ្រងតាម ព្រំដែនឲ្យបានត្រឹមត្រូវ ដើម្បីទប់លំហូរជនបរទេសមកកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា មិនត្រូវអនុញ្ញាតឲ្យជនណាម្នាក់ ឬក្រុមភេរវកម្មមក បំផ្លិចបំផ្លាញសន្តិសុខ សន្តិភាព ប្រទេសកម្ពុជាបានឡើយ បូករួមទាំងជនបរទេសដែលរស់នៅជ្រកក្រោមហេតុផលសិទ្ធិមនុស្សផងដែរ។

ទន្ទឹមនឹងការជំរុញឱ្យបង្រ្កាបអ្នកដែលប៉ុនប៉ងបំផ្លាញដល់សន្តិសុខ ស្ថិរភាព និងសន្តិភាពប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានដល់ សហរដ្ឋអាមេរិក ដែលបានចូលជ្រៀតជ្រែកដល់កិច្ចការរបស់ប្រទេសកម្ពុជា។ សម្តេចបានរិះគន់ថា នាថ្មីៗនេះ កម្ពុជាបានបង្រ្កាបការនាំឆ្លងដែននូវភ្លក់ដំរី និងកុយរមាសយ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែសហរដ្ឋអាមេរិក ដែលបានផ្តល់យោបល់ដល់កម្ពុជាឱ្យដុតបំផ្លាញភ្លក់ដំរី និងកុយរមាសនោះ។ សម្តេចតេជោ ថ្លែងថា សហរដ្ឋអាមេរិក គ្មានឥទ្ធិពល ក្នុងការបញ្ជារដ្ឋបាលកម្ពុជានោះឡើយ។ សម្តេចប្រកាសមិនឱ្យធ្វើតាមសហរដ្ឋអាមេរិកទេ ហើយជំរុញឱ្យយកភ្លក់ដំរី និងកុយរមាសទាំងនោះរក្សាទុកសម្រាប់ការតាំងពិព័រណ៍ម្តងៗ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើសិនជាប្រទេសណាមួយចង់បានភ្លក់ដំរី និងកុយរមាសនេះទៅតាំងពិព័រណ៍ រាជរដ្ឋាភិបាលកម្ពុជា នឹងអនុញ្ញាតឱ្យខ្ចីបាន៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖