(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ត្រូវតែជាការបោះឆ្នោត ដ៏ត្រឹមត្រូវមួយ ហើយធានាសុវត្ថិភាព សម្រាប់បេក្ខជនទាំងអស់នៃបណ្តាបក្សនយោបាយណា ក៏ដោយត្រូវធានាសុវត្ថិភាពឲ្យបានច្បាស់។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា បើទោះជាគណបក្សនយោបាយណាឈ្នះ ឬមិនឈ្នះ គឺជារឿងបក្សនយោបាយ តែក្នុងឋានៈជារាជរដ្ឋាភិបាល ត្រូវមានការទទួលខុសត្រូវ លើបរិយាកាសទាំងមូលលើការបោះឆ្នោត ដើម្បីធានាឲ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយសុវត្ថិភាព​ សេរីភាព យុត្តិធម៌ ត្រឹមត្រូវ និងទទួលយកបាន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ខណៈសម្តេច បានអញ្ជើញជាអធិបតីភាព បិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០១៦ និងលើកទិសដៅការងារ ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅក្រសួងមហាផ្ទៃ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ធ្វើម៉េចការបោះឆ្នោត នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ត្រូវតែជាការបោះឆ្នោតដ៏ត្រឹមត្រូវមួយ ហើយធានាសុវត្ថិភាពសម្រាប់ បេក្ខជនទាំងអស់នៃ បណ្តា បក្សនយោបាយ ណាក៏ដោយត្រូវធានាសុវត្ថិភាព ឲ្យបានច្បាស់ ពីព្រោះយើងជាអាជ្ញាធរ។ រឿងបោះឆ្នោតបែបណា សន្លឹកឆ្នោត បែបនេះ អីបែបណា រឿងគណៈកម្មាធិការរៀបចំការបោះឆ្នោត ឯខាងយើងទទួលបន្ទុករៀបចំសុវត្ថិភាព និងប្រើលុយកាក់​ឲ្យគ្រប់គ្រាន់ ចឹងត្រូវតែធានាការបោះឆ្នោតនេះ។ គណបក្សនយោបាយណាឈ្នះ ឬមិនឈ្នះ គឺជារឿងបក្សនយោបាយតែយើងក្នុង ឋានៈជារាជរដ្ឋាភិបាល ត្រូវមានការទទួលខុសត្រូវលើបរិយាកាសទាំងមូលលើការបោះឆ្នោត ដើម្បីធានាឲ្យការ បោះឆ្នោត ប្រព្រឹត្តទៅដោយសុវត្ថិភាព​ សេរីភាព យុត្តិធម៌ ត្រឹមត្រូវ និងទទួលយកបាន»។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅព្រឹកមិញនេះ សម្តេចក៏បានចុះហត្ថលេខាលើការស្នើសុំរបស់ គណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត តាមរយៈក្រសួងមុខងារសាធារណៈ ស្តីអំពីការរក្សាអត្ថប្រយោជន៍ផ្សេងៗ នៃមន្រ្តី ចុះកិច្ចសន្យា របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ត្រូវបានរក្សាទុកអត្ថប្រយោជន៍ទាំងអស់ ដូចជាមន្រ្តីខាងផ្នែក ក្របខណ្ឌដូចគ្នាដែរ។

បន្ថែមពីលើនេះសម្តចតេជោ ហ៊ុន​ សែន ក៏បានស្នើទៅដល់គណបក្សនយោបាយ ឲ្យបញ្ឈប់ការឃោសនានយោបាយថា ពេលឈ្នះឆ្នោត នឹងលុបបំណុលរបស់ប្រជាពលរដ្ឋ។ ចំណុចនេះសម្តេចបន្តសង្កត់ធ្ងន់ថា បញ្ជាឲ្យសមត្ថកិច្ចឃាត់ខ្លួន ចំពោះការឃោសនាបំពានច្បាប់បែបនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក្តាប់បាននូវស្ថានការណ៍របស់គណបក្សនយោបាយមួយចំនួន កំពុងមានជម្លោះក្នុងជ្រើសលេខរៀងនៅ តាមឃុំ-សង្កាត់ ដែលអាចឈានដល់ការធ្វើយុទ្ធនាការទម្លាក់ស្លាកគណបក្ស។ សម្តេចតេជោ បានថ្លែងបង្ការកុំឲ្យនៅពេលមានយុទ្ធនាការ ទម្លាក់កំហុសនេះ ទៅលើអាជ្ញាធរ ឬរាជរដ្ឋាភិបាល។

កន្លងមក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០១៧ គណបក្សនយោបាយដែលបាន ចុះបញ្ជី នៅក្រសួងមហាផ្ទៃ មានចំនួន៤៥គណបក្ស ក្នុងនោះមាន ១២គណបក្ស កំពុងជាប់បណ្ដឹងនៅតុលាការ ហើយក៏អាចគ្មានសិទ្ធិឈរ ឈ្មោះលើសង្វៀន បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖