(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងជាថ្មីម្តងទៀតអំពាវនាវឲ្យគ្រប់ភាគី ពិសេសប្រជាពលរដ្ឋសហការ និងចូលរួម យ៉ាងសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ឲ្យបានខ្លាំងក្លាបន្ថែមទៀត ជាពិសេសត្រូវសហការជាមួយប្រទេសជាមិត្ត ដើម្បីគាស់រំលើងមេខ្លោងជួញដូរគ្រឿងញៀន។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា យុទ្ធនាការបង្រ្កាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងមួយរយៈពេលនេះ បានធ្វើឲ្យសកម្មភាពចោរកម្ម លួចប្លន់ បានថយចុះផងដែរ។ តែសម្តេចបញ្ជាក់ថា ការពឹងផ្អែកតែលើកងកម្លាំង និងប្រព័ន្ធតុលាការមួយមុខ មិនអាចដោះស្រាយបានទាំងស្រុងនោះទេ គឺត្រូវទាមទារឲ្យ មានការចូលរួមពីក្រុមគ្រួសារ។ ប្រសិនបើអាណាព្យាបាលខិតខំ ចូលរួមក្នុងការអប់រំណែនាំ និងបន្សាបគ្រឿងញៀនឲ្យកូនៗ គឺជាចំណុចជោគជ័យមួយដែលមិនអាចរំលងបាន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ខណៈសម្តេចបានអញ្ជើញជាអធិបតីភាព បិទបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០១៦ និងលើកទិសដៅការងារ ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅក្រសួងមហាផ្ទៃ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ជាមួយគ្នាននេះត្រូវបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿញៀន ឲ្យកាន់តែខ្លាំងក្លា និងត្រូវលើកកម្ពស់ការអប់រំ ផ្សព្វផ្សាយជម្រុញការចូលរួមរបស់ប្រជាជន។ វិស័យឯកជន សង្គមស៊ីវិល ព្រះសង្ឃ អង្គការ និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងត្រូវបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានល្អ និងជាប្រចាំជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីរួមគ្នា ស្វែងរកមេខ្លោងជួញដូរ ចែកចាយគ្រឿងញៀន សំដីគាស់រំលើងដល់ឫសគល់នៃបទល្មើសគ្រឿងញៀន។ តាមរយៈនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនឃើញថា អំពើលួចប្លន់ ប្រដាប់អាវុធក៏បានថយចុះតាមកាលៈទេសៈទៅតាមពេលវេលាដែលយើងអនុវត្ត ពីព្រោះថាសំណុំគ្រឿងញៀន និងសំណុំចោរប្លន់ប្រដាប់ អាវុធទៅជាមួយគ្នា។ តែយើងត្រូវដឹងថា ប្រតិបត្តិការពីកម្លាំងសមត្ថកិច្ច និងប្រព័ន្ធតុលាការវាមិនគ្រប់គ្រាន់នោះទេ ការចាំបាច់របស់យើងត្រូវមានការ ចូលរួមពីសំណាក់ប្រជាពលរដ្ឋ ពីសំណាក់តួអង្គពាក់ព័ន្ធ រួមមាន សង្គមស៊ីវិល អង្គការ សាសនា ហើយជាពិសេស គឺក្រុមគ្រួសារដើរតួនាទី យ៉ាងសំខាន់ណាស់ នៅពេលដែលយុទ្អនាការបង្រ្កាបគ្រឿងញៀនកំពុងតែដំណើរការ»។
បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់កងកម្លាំងកម្ពុជា ដែលបានប្រឹងប្រែងក្នុងការបង្រ្កាបគ្រឿងញៀនតាមព្រលាន យន្តហោះនាពេលកន្លងមក។ សម្តេចតេជោ ក៏មានការងឿងឆ្ងល់ផងដែរ ចំពោះការចរាចរណ៍គ្រឿងញៀន ពីតំបន់អាមេរិកឡាទីន តែហេតុអ្វីប្រទេសដទៃ ចាប់មិនបាន បែរជាចាប់បាននៅក្នុងប្រទេសកម្ពុជាទៅវិញ។ នេះសបញ្ជាក់ឲ្យឃើញថា សមត្ថកិច្ចនៅកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្រ្កាបលើ បទល្មើសគ្រប់ញៀន ទើបកន្លងមកមានការបង្រ្កាបបានជាបន្តបន្ទាប់៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖