(ភ្នំពេញ)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា សិស្ស-និស្សិត​ដែលរៀន​ផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ​នៅកម្ពុជាពេលនេះ ងាយនឹងមានឱកាស​ទទួលបាន​ការងារ​ធ្វើលឿន និងទទួលបានប្រាក់ចំណូលខ្ពស់ជាង សិស្ស-និស្សិត​រៀនផ្នែកសេវាកម្មផ្សេងៗ។

​ការបញ្ជាក់់ដូចនេះរបស់មន្រ្តីជាន់ខ្ពស់ក្រសួងការងាររូបនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះ​សំណាល និងផ្តាំផ្ញើសួរសុខទុក្ខ​ដល់យុវជនទាំង៧ឃុំ ក្នុងស្រុកព្រៃកប្បាសខេត្តតាកែវ និងនិស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាកាលពីថ្ងៃទី២៣ ខែកុម្ភៈម្សិលមិញ។

លោក ពេជ សោភ័ន បានលើកឡើងថា បច្ចុប្បន្នសិស្ស និស្សិត ដែល​កំពុង​​សិក្សានៅតាមមជ្ឈមណ្ឌលសិក្សា ឬក៏តាមសកលវិទ្យាល័យ ភាគច្រើនគឺជ្រើសរើស​យក​មុខ​វិជ្ជាខាងផ្នែកសេវាកម្ម ដែលមានដូចជា ផ្នែកគ្រប់គ្រង ផ្នែកទីផ្សារផ្នែកគណនេយ្យ ។ល។ ដោយឡែក សិស្ស និស្សិត ដែលរៀនផ្នែកបច្ចេកទេស គឺចំនួននៅមានកម្រិត​ ដូច្នេះ​ហើយទើបធ្វើអោយ​ទីផ្សារការងារមានតម្រូវការខ្ពស់ខាងផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ ។

​ជាមួយគ្នានោះ លោកបានបញ្ជាក់ទៀតថា សព្វថ្ងៃនេះ សិស្ស និស្សិត ដែលកំពុងសិក្សាផ្នែកបច្ចេកទេស​ និងវិជ្ជាជីវៈ​​នៅតាម​បណ្តាវិទ្យាសា្ថនរបស់​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺភាគច្រើនសុទ្ធ​​តែមានការងារធ្វើទាំងអស់ ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះទៀតផងដែរ លោករដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ ក៏បានជំរុញបន្ថែមដល់​សិស្សនិស្សិត ឱ្យងៀកមកចាប់​អារម្មណ៍​ជ្រើសរើសការសិក្សាដែលស្របទៅនិងទីផ្សារ​ការងារនៅពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដែលកំពុងត្រូវការនូវជំនាញបច្ចេកទេសជា​ច្រើនដូចជា សំណង់ អគ្គីសនី អេឡិចត្រូនិច មេកានិច ជួសជុលរថយន្ត និងជួសជុល​ម៉ាស៊ីនជាដើមព្រោះប្រទេសយើងជាប្រទេស​កំពុងអភិវឌ្ឍន៍ហើយត្រូវការអ្នកបច្ចេកទេស​ជំនាញ ៕