(កោះកុង)៖ កម្លាំងសមត្ថកិច្ចចំរុះខេត្តកោះកុង រួមមាន៖ កម្លាំងអាវុធហត្ថ កម្លាំងគយចល័តតំបន់៣ និងកម្លាំងយោធាជើងទឹក បានបង្ក្រាបការដឹកជញ្ជូនទូរស័ព្ទប្រភេទ ស្វាតហ្វូន ដែលឈ្មួញលួចនាំចូលតាមផ្លូវទឹក ដោយមិនបង់ពន្ធចូលរដ្ឋ ស្ថិតនៅមុខកោះនូ ក្បែរកោះយ៉ ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ ជាលទ្ធផល បន្ទាប់ឆែករួច កម្លាំងសមត្ថកិច្ចបានរកឃើញទូរស័ព្ទជិត២ពាន់គ្រឿងមានដូចជា៖ Samsung, LG, Huawei និងIphone។

ប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនទូរស័ព្ទដៃ សេរីខ្ពស់តាមទូកខាងលើនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។ មន្រ្តីគយ និងរដ្ឋាករខេត្តកោះកុង បានឲ្យដឹងថា កម្លាំងគយសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង និងកងការពារកោះលេខ២ កងអនុសនាធំលេខ៣ កងទ័ពជើងទឹក បានឃាត់ទូកកន្ទុយវែងមួយគ្រឿង បើកបរដោយឈ្មោះ ម៉ៅ ម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ ដើម្បីត្រួតពិនិត្យ។

មន្រ្តីបានបន្តទៀតថា «នៅពេលត្រួតពិនិត្យជាបឋម មន្ត្រីគយបានរកឃើញទូរស័ព្ទដៃស្មាតហ្វូន ចំរុះមានដូចជា Samsung, LG, Huawei, Iphone (ប្រើរួច) មួយចំនួនដាក់ក្នុងកេសក្រដាស់ចំនួន១២កេសស្មើនឹង១៨៧៣គ្រឿង»

ដើម្បីបំពេញកាតព្វកិច្ចពន្ធគយទូកឈើជាមធ្យោបាយដឹកជញ្ជូនទំនិញល្មើសខាងលើនេះ ត្រូវបានប្រគល់ជូនសាខាគយ និងរដ្ឋាករ ខេត្តកោះកុងជាអ្នកថែរក្សាបន្ត និងចាត់ការតាមនីតិវិធី៕