(ភ្នំពេញ)៖ ក្រុមហ៊ុន គ្លូប៊ល ក្លៅ អ៊ិចឆេន លីមីតធីត (GCX) គឺជាក្រុមហ៊ុនថ្មី ដែលបង្កើតឡើងវិនិយោគិនអាមេរិក ដោយផ្តោតសំខាន់ លើសេវាកម្មមជ្ឈមណ្ឌលទិន្នន័យអ៊ីនធឺណិត (IDC)  និងសេវាកម្ម Cloud បានបើកសម្ពោធជាផ្លូវ​នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញនេះ។  

អគ្គនាយកក្រុមហ៊ុន GCX លោក Heath Shen បានថ្លែងថា គារចាប់អារម្មណ៍ចំពោះ ការបើក្រុមហ៊ុនលើទឹកដីកម្ពុជានេះ ត្រង់ថាកម្ពុជាមានសេដ្ឋកិច្ចល្អ និងជាប្រទេសកំពុងអភិវឌ្ឍន៍ លើគ្រប់វិស័យ ជាពិសេសលើផ្នែកបច្ចេកវិទ្យា។

លោក Heath Shen បានបញ្ជាក់ថា «ដោយសារតែកម្ពុជា មានសេដ្ឋកិច្ចល្អ និងមានកម្រិត GDP លើសពី៧ភាគរយ លើសគេនៅតំបន់អាស៊ី ទើបក្រុមហ៊ុនយើងខ្ញុំ សម្រេចបង្កើតនៅកម្ពុជាតែម្តង»

អគ្គនាយកវ័យក្មេងរូបនេះបន្តថា  «ក្រុមហ៊ុន GCX បានប្តេជ្ញាចិត្តនឹងធានាក្នុងការផ្តល់សេវាកម្ម មជ្ឈមណ្ឌលទិន្នន័យ ដែលមានគុណភាពល្អបំផុត ទៅដល់អតិថិជនរបស់យើង ដើម្បីជាប្រយោជន៍ ដ៏ល្អបំផុតទៅដល់ អតិថិជន។ GCX កំពុងដាក់ឲ្យប្រើប្រាស់ នូវគោលនយោបាយបើកចំហទ្វារ ជាការស្វាគមន៍ដល់ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ទូរគមនាគមន៍ទាំងអស់ ឲ្យទៅអតិថិជន ក្នុងមជ្ឈមណ្ឌលទិន្នន័យ»

លោកថា GCX មានគ្រោងនឹងពង្រីកអាជីវកម្ម មជ្ឈមណ្ឌលទិន្នន័យនៅកម្ពុជា និងកសាងមជ្ឈមណ្ឌលទិន្នន័យទី២ នៅភ្នំពេញ និងមជ្ឈមណ្ឌលទិន្នន័យ ជាច្រើនទៀត នៅក្នុងទីក្រុងធំៗ របស់ប្រទេសកម្ពុជា ដើម្បីបម្រើឲ្យតម្រូវការរបស់អតិថិជន នូវមជ្ឈមណ្ឌលទិន្នន័យ ដែលរីកលូតលាស់យ៉ាងលឿន នាពេលអនាគតខាងមុខ។

ក្រុមហ៊ុន GCX បានអនុវត្តទៅតាម វិទ្យាស្ថានស្តង់ដារ អាមេរិកកាំង (ANSI) និងស្តង់ដារ ឧស្សាហកម្មទូរគមនាគមន៍ (TIA) ដើម្បីឆ្លើយតបទៅនឹង កំណើតនៃតំរូវការរបស់ស្ថាប័ន និងអតិថិជន ដែលមាន តម្រូវការកម្រិតខ្ពស់ស្រប​ទៅនឹងកម្ពុជា​ផងដែរ។ ការបង្កើតឡើងនូវ GCX ដែលជាស្ដង់ដារមិនធ្លាប់មានពីមុនមក ទាំងនេះជាទស្សនៈវិស័យ នៃអ្នកជំនាញ ផ្នែកទូរគមនាគមន៍ ក៏ដូចជាផ្នែកពត័មានវិទ្យា ដែលមិនធ្លាប់ទទួលបានជោគជ័យ ក្នុងការស្វែងរកប្រភពផ្តល់សេវាកម្ម ដែលឆ្លើយតបទៅតាមតម្រូវការ បេសកកម្មសំខាន់ ‌«mission-critical» របស់ពួកគេ។

សូមបញ្ជាក់ថា នេះមិនមែនលើកទី១ សម្រាប់កម្ពុជាទេ ដែលមានក្រុមហ៊ុនមកធ្វើការសហការ និងផ្គត់ផ្គង់ផ្នែក Data​ Center មួយនេះ មានក្រុមហ៊ុនជាច្រើន ដែលមានលក្ខណៈបច្ចេកវិទ្យាបែបនេះ នៅទឹកដីកម្ពុជា៕