(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មានបែកធ្លាយលិខិតមួយទៀតរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ផ្ញើជូនលោក កឹម សុខា ដោយស្នើឱ្យប្រធានស្តីទីគណបក្សរូបនេះតែងតាំង លោកស្រី ជូឡុង សូមូរ៉ា ភរិយារបស់លោក សម រង្ស៊ី ជាអនុប្រធានគណបក្សសង្រ្គោះជាតិ សម្រាប់ការរៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មី នៅដើមខែមីនាខាងមុខនេះក្នុងសាមជវិសាមញ្ញ។

ទោះជាយ៉ាងណា បន្ទាប់ពីមានការបែកធ្លាយនេះ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ពុំបានបដិសេធនឹងលិខិតនោះទេ ប៉ុន្តែលោកអះអាងថា នៅមិនទាន់ទទួលបានលិខិត លោក សម រង្ស៊ី ស្តីពីការតែងតាំងនេះនៅឡើយ។

លោក យ៉ែម បុញ្ញឫទ្ធិ បានអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ យ៉ាងដូច្នេះថា៖ «ខ្ញុំអត់ទាន់បានឃើញលិខិតនោះផង ក៏ប៉ុន្តែប្រព័ន្ធគ្រប់គ្រងរបស់គណបក្ស ពុំដែលចេញលិខិតទៅកាន់រដ្ឋបាល ដែលយើងអត់បានដឹងទេ ហើយយើងក៏អត់ទាន់បានដឹងដែរ»

គណបក្សសង្រ្គោះជាតិ បានប្រកាសធ្វើសមាជវិសាមញ្ញមួយ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីបោះឆ្នោតជ្រើសតាំងមេដឹកនាំថ្មី ក្រោយពេល លោក សម រង្ស៊ី បានលាលែងពីតំណែង។ ព័ត៌មានផ្ទៃក្នុងរបស់គណបក្សប្រឆាំង ដែលបែកធ្លាយកន្លងមកបានបង្ហាញថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានចូលរួមរៀបចំក្បាលម៉ាស៊ីនថ្នាក់ដឹកនាំថ្មី ដោយប្រើប្រាស់រូបមន្តប្រធាន១រូប និងអនុប្រធាន៣រូប​ ដោយក្នុងនោះ តំណែងប្រធានត្រូវប្រគល់ជូន លោក កឹម សុខា ប្រធានស្តីទីសព្វថ្ងៃ ចំណែកតំណែងអនុប្រធាន៣រូបផ្សេងទៀតនោះ គឺលោក សម រង្ស៊ី ចង់ឱ្យដាក់លោកស្រី ជូឡុង សូមូរ៉ា, លោក ប៉ុល ហំម ប្រធានគណៈកម្មាធិការនាយក និង លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ។

ទោះជាយ៉ាង លោក យ៉ែម បុញ្ញឫទ្ធិ បានអះអាងថា គណបក្សប្រឆាំងមិនទាន់ប្រជុំដើម្បីជ្រើសរើសបែកជន ជាផ្លូវការនៅឡើយទេ ខណៈដែល ពេលវេលាសមាជនៅសល់ប្រមាណ៥ថ្ងៃទៀតប៉ុណ្ណោះ។ លោកអះអាងថា បេក្ខជនប្រធាន និងអនុប្រធាន នឹងត្រូវជ្រើសរើសចេញ ពីគណៈកម្មាធិការនាយករបស់គណបក្សសង្រ្គោះជាតិ។

នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទំព័រ Facebook ឈ្មោះ «សីហា» ក៏បានទម្លាយនូវសំឡេងសន្ទនាថ្មីមួយទៀតរបស់សមាជិកជាន់ខ្ពស់ គណបក្សប្រឆាំង២រូប ដែលពុំពេញចិត្តនឹងការរៀបចំក្បាលម៉ាស៊ីនថ្មីនោះ ដោយពួកគេចង់ឱ្យដាក់អ្នកដទៃ ដែលមានឥទ្ធិពលជាង លោក យឹម សុវណ្ណ។ ទំព័រ Facebook ឈ្មោះ «សីហា» បានអះអាងថា សំឡេងដែលរូបគេទម្លាយចេញមកនេះ គឺជាសំឡេងរបស់ លោក លឹម គឹមយ៉ា និង លោក ហ៊ីង យឿន (អគ្គរងព្រឹទ្ធសភា មនុស្សជំនិតលោក គង់ គាំ) ដែលពិភាក្សាគ្នាចង់ឱ្យ លោក គង់ គាំ ដែលជាព្រឹទ្ធាចារ្យនៅក្នុងគណបក្សប្រឆាំងធ្លាប់ជា ប្រធានគណបក្សសម រង្ស៊ី ឡើងជាអនុប្រធានជំនួសគណបក្សសង្រ្គោះជាតិជំនួសលោក យឹម សុវណ្ណ វិញ៕

ខាងក្រោមនេះជាលិខិត ដែលបែកធ្លាយលើបណ្តាញសង្គម៖