(ភ្នំពេញ)៖ សកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ បានបើកពិធីសំណេះសំណាលជាមួយនិស្សិត ថ្នាក់បណ្ឌិតជំនាន់ទី៣ វគ្គ២ ក្រោមអធិបតីភាពលោកបណ្ឌិត ជីវ កេង អនុប្រធានតុលាការកំពូល។

ក្នុងពិធីដ៏អធិកអធមនេះលោកឧកញ៉ាបណ្ឌិត ឡាច សំរោង សកលវិទ្យាធិការ នៃសកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា បានថ្លែងស្វាគមន៍ ចំពោះគណអធិបតី គណៈគ្រប់គ្រង បុគ្គលិកសិក្សា សាស្ត្រាចារ្យ និស្សិថ្នាក់បណ្ឌិត និងប្អូនៗជានិស្សិត នៃសកលវិទ្យាល័យ ដែលបានអញ្ជើញមកចូលរួម និងផ្ដល់នូវកិត្តិយសក្នុងពិធីនេះ។

លោកឧកញ៉បណ្ឌិត សកលវិទ្យាធិការ បានបញ្ជាក់ថា ចាប់តាំងពីការកកើត រហូតដល់បច្ចុប្បន្ននេះ សកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា មានដំណើរវិវឌ្ឍច្រើនដំណាក់កាល ចាប់តាំងពីឆ្នាំ១៩៩០មក ដោយដំណាក់កាលទី១ បានបង្កើតឡើងនីថ្ងៃទី២៥ មិនា ឆ្នាំ១៩៩០ ជាអង្គការមិនមែនរដ្ឋាភិបាល ហៅថា អង្គការ «អភិវឌ្ឍយុវជនខ្មែរ» មានទិសដៅអភិវឌ្ឍយុវជនខ្មែរ និងសីលធម៌សង្គម។

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ថ្នាក់ដឹកនាំ បានកែប្រែពីអង្គការអភិវឌ្ឍយុវជនខ្មែរ ទៅជាវិទ្យាស្ថានកម្ពុជាសម្រាប់អភិវឌ្ឍ និងសិទ្ធិមនុស្ស មានទិសដៅអភិវឌ្ឍធនធានមនុស្ស និងអប់រំសិទ្ធិមនុស្ស។

កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០០២ ថ្នាក់ដឹកនាំ បានកែប្រែពីវិទ្យាស្ថានកម្ពុជា សម្រាប់ការអភិវឌ្ឍ និងសិទ្ធិមនុស្ស ទៅជាសកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្ស កសាងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈ ដោយមានការគាំទ្រទាំងស្មារតី និងសម្ភាររបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយសកលវិទ្យាល័យនេះ បានទទួលស្គាល់ដោយរាជរដ្ឋាភិបាលតាមអនុក្រឹត្យលេខ៥៦ អនក្រ បក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០២។

ក្នុងរយៈពេល១០ឆ្នាំក្រោយនេះ សកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា មានការរីកចំរើនយ៉ាងខ្លាំង នៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស និងឥស្សរជន។ ចាប់តាំងពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៦ សកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា ត្រូវបានផ្លាស់ប្ដូរ និងស្ថិតក្នុងស្ថានភាពមិននិងហ្នឹ ដោយការបែកបាក់ផ្ទៃក្នុងមួយ នៅក្នុងគណៈគ្រប់គ្រង។

ប៉ុន្តែចាប់តាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ សកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា ត្រូវបានរៀបចំឡើងវិញ ក្រោមការដឹកនាំរបស់លោកឧកញ៉ាបណ្ឌិត ឡាច សំរោង ជាសហប្រធានក្រុមប្រឹក្សាភិបាល និងជាសកលវិទ្យាធិការ។ អគារសកលវិទ្យាល័យថ្មីស្ថិតនៅអគារលេខ១៣១ BC ភូមិ១ ផ្លូវលេខ ១៣២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួមទាំងអគាររណប៣ទៀត និងអាហារដ្ឋានរបស់សកលវិទ្យាល័យដ៏ទំនើបមួយទៀត។

អគារសិក្សាថ្មីនេះមានកំពស់១១ជាន់ មានបន្ទប់សិក្សា បណ្ណាល័យ ដែលនឹងដាក់ឲ្យដំណើការនៅខែឧសភា ឆ្នាំ ២០១៧ខាងមុខនេះ។ ជាមួយគ្នានេះ សកលវិទ្យាល័យបានបើកឲ្យដំណើរការសិក្សា សម្រាប់និស្សិតជំនាន់ទី១១ ទី១២ ទី១៣ និងនិស្សិតថ្នាក់បណ្ឌិតជំនាន់ទី៣ វគ្គ២ ដែលនឹងត្រូវចូលរៀននាថ្ងៃនេះ។

ក្នុងឱកាសនេះផងដែរ លោកបណ្ឌិត ជីវ កេង បានផ្ដាំផ្ញើឲ្យនិស្សិតថ្នាក់បណ្ឌិត ដែលនឹងត្រូវចូលរៀននាពេលនេះ ខិតខំសិក្សារៀនសូត្រ ក៏ដូចជាការស្រាវជ្រាវដើម្បីយកចំណេះវិជ្ជាទាំងនេះ បំរើសង្គមជាតិរបស់យើងឲ្យរីកចំរើនរុងរឿង នាពេលអនាគតខាងមុខ៕