(ភ្នំពេញ)៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ចុះជួយស្រុក​កំចាយមារ ដែលដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ តំណាងលោក ស សុខា និងភរិយា អនុសហភាពសហព័ន្ធយុវជនកម្ពុជា និងតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង បានចូលរួមសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធន៌ការសិក្សា និងការងារដល់សិស្សានុសិស្សរៀននៅវិទ្យាល័យ និងសកលវិទ្យាល័យ ចំនួន៣ក្នុងស្រុកកំចាយមារ។

លោក អាំង សិរីពិសិដ្ឋ បានថ្លែងថា សិក្ខាសាលាខាងលើនេះ ធ្វើឡើងដោយមានការចូលរួមពីសិស្សានុសិស្ស និងនិស្សិតដែលមានវិទ្យាល័យជៀក និងវិទ្យាល័យ ហ៊ុន សែន កំចាយមារ និងសកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ដោយមានសិក្ខាកាមជាង១០០០នាក់។

សម្រាប់ការរៀបចំនេះ ក្នុងគោលបំណងជួយពង្រឹងដល់ស្មារតី និងសមត្ថភាពចំពោះសិស្សានុសិស្ស ជាពិសេស សិស្សានុសិស្សរៀននៅថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុកនាពេលខាងមុខនេះ។

លោកបានបន្តថា វគ្គនេះទទួលបានការជួយឧបត្ថម្ភទំាំងស្រុងពីលោក ស សុខា និងភរិយា អនុសហភាពសហព័ន្ធ​យុវជន​កម្ពុជា និងតំណាងរាស្រ្តមណ្ឌល ខេត្តព្រៃវែង ហើយចំពោះសិស្សរៀននៅថ្នាក់ទី១២ទាំងអស់ ដែលបានប្រឡងជាប់បាក់ឌុប ទទួលបាននិទ្ទេស A ​នឹងទទួលបានម៉ូតូមួយគ្រឿងពីលោក ចំណែកសិស្សដែលប្រឡង មិនជាប់អាចដាក់ពាក្យសុំ​អាហារូបឧករណ៍​ពីទីស្នាក់ការ​កណ្តាល​ខេត្តព្រៃវែង៕