(ក្រចេះ)៖ ស្ដ្រីវ័យ៤៣ឆ្នាំម្នាក់ ត្រូវបានជនសង្ស័យចូលទៅចាក់សម្លាប់ ដល់ផ្ទះនៅក្នុងបន្ទប់ទឹក នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង​ ស្រុកសំបូ ខេត្តក្រចេះ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ស្ដ្រីដែលត្រូវជនសង្ស័យចាក់សម្លាប់ ឈ្មោះ អ៊ី គឹមទ្រី អាយុ៤៣ឆ្នាំ។ បើតាមនគរបាលជំនាញគឺ ​សាកសព​ដេកស្លាប់នៅក្នុងបន្ទប់ទឹក​ ​បាក់ករ​ និងមានស្នាមចាក់ (ដោយប្រើវត្ថុរឹង)ចំគុម្ពត្រចៀក​ ​ហើយកម្លាំងជំនាញសន្និដ្ឋានថា​ ជាករណី​​ឃាតកម្មគិតទុកជាមុន​។

ក្រោយពីពិនិត្យសាក​សព​ទីកន្លែង​ហេតុ និង​សាកសួរ​ ប្រមូល​ព័ត៌មាន​ ជុំវិញរឿងហេតុខាងលើ​ ជំនាញកំណត់មុខសញ្ញាជនសង្ស័យ​ ទៅលើឈ្មោះ​ កាន់​ វណ្ណៈ​ ភេទប្រុស​ អាយុ​៣៧ឆ្នាំ​ មានទីលំនៅភូមិអូរគ្រៀង ​ឃុំអូរគ្រៀង​ ស្រុកសំបូរ ​ព្រោះក្រោយពីកើតហេតុជនសង្ស័យខាងលើ បាននាំប្រពន្ធ​ កូន រើយកអ៊ីវ៉ាន់ចេញពីផ្ទះ ដែលគេជួលនៅជិតផ្ទះជនរងគ្រោះ​ ក៏ឡើងរថយន្ត​ចេញពីចំណុចកើតហេតុទៅបាត់។

បច្ចុប្បន្នកម្លាំងនគរបាល កំពុងកសាងសំណុំរឿងបញ្ចូន ទៅការិយាលយ័ជំនាញខេត្ត ដើម្បីស្វែងរកចាប់មុខសញ្ញាចាត់ការតាមនីតិវិធី៕