(ភ្នំពេញ)៖ ផលិតផល​ថ្មីមួយ​ទៀត ​របស់​ក្រុមហ៊ុន​ខ្មែរ ប៊ែវើរីជីស លីមីតធីត​ ដែល​ផលិតស្រាបៀរកម្ពុជា នឹងចាប់ផ្តើម​មាន​វត្តមានក្នុង​​ទីផ្សារ​កម្ពុជា​ ក្នុង​ពេល​ឆាប់ៗនេះ ប៉ុន្តែ​​រហូតមកដល់​ពេល​នេះ​ ពុំ​ទាន់​មាន​នរណាម្នាក់​អាចបញ្ជាក់​​បាន​ទេ​ថា នេះ​ជា​ផលិតផលអ្វីនៅឡើយទេ។

ការ​លើកឡើង​បែបនេះ​ ដោយ​សារក្នុង​ពេល​ថ្មីៗនេះ គេ​សង្កេត​ឃើញ​​មានវីដេអូពាណិជ្ជកម្ម របស់​ផលិតផលថ្មីមួយ​ បាន​ចាប់​ផ្តើម​ចាក់​ផ្សាយ​​​​ នៅតាម​កញ្ចក់​ទូរទស្សន៍​នានា និង​​​ឃើញ​ផ្ទាំង​ពាណិជ្ជ​កម្ម​​ផលិតផលដដែលនេះ បាន​បង្ហាញ​ខ្លួន​នៅតាម​​ដង​វិថី​សំខាន់ៗមួយចំ​នួន​ ក្នុង​ប្រទេសកម្ពុជា ​រួម​មាន​ ​នៅ​ជិត​អាកាសយាន្តដ្ឋាន​ភ្នំពេញ​អន្តរជាតិ ជិត​រង្វង់មូលសម្តេច​សង្ឃជួន​ណាត ​នៅ​លើផ្លូវជាតិលេខ​៤ ច្រកចូល​ក្រុង​ព្រះសីហនុ និងនៅតាម​​វិថីមួយ​ចំ​នួន​ទៀត ​ក្នុង​រាជធានី​ភ្នំ​ពេញ និង​បណ្តាខេត្ត​នានា​។

ក្នុង​ផ្ទាំង​ពាណិជ្ជកម្ម​ គេ​ឃើញ​​បុរសម្នាក់​​ក្នុង​ឈុតខ្មៅ ​កំពុងដើរសំដៅ​ ទៅ​រក​រទេះ​មួយ​ ក្នុង​ចម្ការ​ស្រូវសាលី​ពណ៌លឿង​​ទុំយ៉ាងស្រស់​ស្អាត អមដោយ​ពាក្យស្លោក «ស្វែងរកពិភពអច្ឆរិយពណ៌ខ្មៅ ​ដ៏អស្ចារ្យរបស់​អ្នក ឬ FIND YOUR BLACK WONDERLAND»។ ​គេក៏​​សង្កេត​ឃើញ​មាន​ទំព័រ​ហ្វេសប៊ុកថ្មី ​មួយ​​ឈ្មោះ​ថា «Barrley Black» (https://www.facebook.com/BarrleyBlack/) ត្រូវបាន​បង្កើតឡើង ដោយ​​ប្រើប្រាស់​ផ្ទាំង​ពាណិជ្ជកម្ម​ផលិតផលមួយ​នេះ​ ជារូបក្នុង ​Profile និង​ Cover Page ផងដែរ។

​អ្នក​ប្រើប្រាស់​បណ្តាញសង្គម​​ហ្វេសប៊ុក​មួយចំ​នួន​ បាន​ទស្សន៍ទាយ​ថា​ «Barrley Black» ជា​ឈ្មោះ​ស្រាបៀរទឹកខ្មៅប្រភេទ​ថ្មី ​របស់​ក្រុមហ៊ុន​ខ្មែរ ប៊ែវើរីជីស លីមីតធីត ប៉ុន្តែ​ខាង​ក្រុមហ៊ុន​មិន​ទាន់​​បញ្ជាក់​ជា​ផ្លូវការ​នោះទេ​ថា «Barrley Black» ពិតជាឈ្មោះផលិតផលថ្មី ហើយវាពិតជា​ស្រាបៀរទឹកខ្មៅ​មែន ឬយ៉ាងណានោះទេ៕