(ភ្នំពេញ)៖ ឆ្លើយតបចំពោះការចេញផ្សាយព័ត៌មាន អំពីការហាមឃាត់អ្នកសារព័ត៌មានល្បីៗរបស់អាមេរិកជាពិសេស CNN មិនឲ្យចូលយកព័ត៌មានក្នុងសេតវិមាននោះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានលើឡើងថា វាការធ្វើឡើងរបស់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដើម្បីឆ្លើយតបនឹងសេរីភាពនៃការបញ្ចេញព័ត៌មានដែលមិនបានបង្ហាញពីការពិតជាក់ស្តែង ដែលជាបន្ទុកនៃការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានប្រកបដោយវិជ្ជជីវៈ ខណៈដែលលោក ត្រាំ ធ្លាប់បានបញ្ជាក់ថា សារព័ត៌មានទាំងនោះមិនដែលសរសេរអ្វីល្អពីលោក និងជាសត្រូវរបស់ប្រជាជនអាមេរិកទាំងអស់។
លោក ផៃ ស៊ីផាន បានលើកឡើងដោយបញ្ជាក់ពីការយល់ឃើញអំពីចំណាត់ការក្តៅរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ចំពោះបណ្តាញសារព័ត៌មានធំៗនៅអាមេរិកយ៉ាងដូច្នេះថា៖ « ឆ្លើយតបទៅនិងអ្នកសារព័ត៌មានដែលបានតាំងសំណួរពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់ White House (សេតវិមាន) របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបានហាមមិនឲ្យបណ្តាញសារព័ត៌មានអន្តរជាតិធំៗ ដូចជា CNN, the New York Times, the Los Angeles times, Politico, Buzzfeed, the BBC និង the Guardian ចូលយកព័ត៌មាននៅការិយាល័យរបស់ប្រធានាធិបតី ឬ White House គឺជាសារមួយបញ្ជាក់យ៉ាងច្បាស់លាស់រវាងផលប្រយោជន៍របស់រដ្ឋាភិបាល ដែលកើតចេញពីប្រជាពលរដ្ឋ ឆ្លើយតបនិងសេរីភាពសារព័ត៌មាន ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ យល់ឃើញថា ព័ត៌មានដែលផ្សព្វផ្សាយរបស់ស្ថាប័នទាំងនោះ មិនបានឆ្លើយតបនិងការពិតជាក់ស្តែង ដែលជាបន្ទុកទទួលខុសត្រូវនៃអ្នកសារព័ត៌មានវិជ្ជាជីវៈ។ បានសេចក្តីថាសេរីភាពនៃការបញ្ចេញយោបល់ត្រូវតែស្ថិតនៅក្នុងដែនច្បាប់ និងត្រូវតែគោរពដែនអំណាចរដ្ឋ ក្នុងកិច្ចទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ រាប់ទាំងផលប្រយោជន៍ និងសន្តិភាពជាតិ។ ការសម្រេចចិត្តរបស់លោកប្រធានាធិបតីគឺជាអំណាច និងអាណត្តិរបស់រដ្ឋមិនឡូកឡំជាមួយនិងវិសាលភាពប្រជាធិបតេយ្យ ឬសេរីភាពក្នុងការបញ្ចេញយោបល់នោះទេ ព្រោះការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋមានឧត្តមភាពក្នុងការសម្រេច និងទទួលខុសត្រូវ។ នេះជាសារជាសាកលសម្រាប់អ្នកយក និងធ្វើព័ត៌មានដើម្បីពិចារណាលើការងារវិជ្ជាជីវៈ និងការទទួលខុសត្រូវរបស់ខ្លួន ជាពិសេសគឺជាការឆ្លើយតបនិងសិទ្ធិរបស់ប្រជាពលរដ្ឋទទួលបានព័ត៌មានពិត មិនប្រឌិត និងលំអៀង។ នៅកម្ពុជា វិទ្យុអាស៊ីសេរី RFA សម្លេងសហរដ្ឋអាមេរិក VOA សម្លេងប្រជាធិបតេយ្យ VOD និងមួយចំនួនទៀត ដែលទទួលបានប្រាក់ឧបត្ថម្ភពីបរទេស ដើរតួរជាភ្នាក់ងារបរទេស ត្រូវតែពិចារណាសាជាថ្មីចំពោះការប្រើប្រាស់រលកអាកាស ក៏ដូចជាបោះពុម្ភផ្សាយ មុនពេលរាជរដ្ឋាភិបាលមានចំណាត់ការឆ្លើយតបទៅនិងព័ត៌មានបំផ្លៃ ញុះញង់ គំរាមកំហែង ដល់ស្ថេរភាព និងសន្តិភាពកម្ពុជា»។
គួរបញ្ជាក់ថាលោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ធ្ងន់ៗទៅលើសារព័ត៌មានទាំងឡាយខាងលើនេះ តាំងតែពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់លោកបានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការ ក៏ព្រោះតែសារព័ត៌មានទាំងនោះមានភាពលម្អៀងខ្លាំង។ លោក ត្រាំ ក៏ធ្លាប់បានទាស់ពាក្យសម្តីជាមួយអ្នកសារព័ត៌មាន CNN ផងដែរនៅក្នុងការជួបជុំក្រុមអ្នកសារព័ត៌មាននៅថ្ងៃបន្ទាប់នៃការឡើងកាន់តំណែងរបស់លោក ដោយលោកបានចោទសារព័ត៌មានទាំងនោះថា «មិនដែលសរសេរអ្វីល្អពីលោក និងជាសត្រូវរបស់ប្រជាជនអាមេរិកទាំងអស់»៕