(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានគណពង្រឹងមូលដ្ឋានខេត្តកំពង់ចាម ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះ បានពន្យល់បន្ថែមពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជារបស់ឯកជន មិនជារបស់រដ្ឋទេ រួមទាំងក្រើនរំលឹកដល់អាជ្ញាធរ មូលដ្ឋានទូទាំងខេត្តកំពង់ចាម ឲ្យចុះប្រកាសជាប្រចាំថ្ងៃ ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបកាន់តែច្បាស់ និងកុំឲ្យពួកគាត់យល់ច្រឡំឲ្យសោះ។

លោកបន្ដថា «ការណែនាំនេះ ដោយសារកន្លងមក មានការសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួន ជាពិសេសនៅតំបន់ជនបទ តែងតែមានការ យល់ច្រឡំថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាគ្រឹះស្ថានរបស់រដ្ឋ ដូច្នេះសូមអំពាវនាវឲ្យប្រជាពលរដ្ឋដឹងថា «ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់មិនមែនជា ស្ថាប័នរបស់រដ្ឋទេ» ពិសេសសូមកុំជឿទៅការឃោសនាបោកប្រាស់របស់ក្រុមមួយចំនួនថា ឲ្យតែគាំទ្រគេទៅ ពេលគេជោគជ័យ នឹងជួយចេញ ថ្លៃជំពាក់រដ្ឋទាំងអស់ កុំជឿការបោកប្រាស់មួយនេះគឺគ្មានទេ»។

លោក ឆាយ វ៉ាន់ស៊ី អភិបាលស្រុកជើងព្រៃ បានឲ្យដឹងផងដែរថា ប្រជាពលរដ្ឋក្នុងស្រុកជើងព្រៃ ចាប់ពី៦៥ ទៅ៧០% គឺពួកគាត់មានការពាក់ព័ន្ធ នឹងការខ្ចីលុយពីអង្គការ ឬហៅថា មីក្រូហិរញ្ញវត្ថុឯកជន ដូចនេះហើយលោក និងអាជ្ញាធរនឹងយកចិត្តទុកដាក់ រួមទាំងចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យដឹងកាន់តែច្បាស់បន្ថែមទៀតថា គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ជារបស់ឯកជនសុទ្ធសាធ មិនមែនជារបស់រដ្ឋនោះទេ។ តែក្នុងនោះ ប្រជាពលរដ្ឋយើងមួយចំនួនធំ ក៏បានយល់ដឹងពីចំនុចនេះដែរ នៅតែប្រជាពលរដ្ឋមួយចំនួនតូចតែប៉ុណ្ណោះ ដែលអាជ្ញាធរកំពុងបន្តចុះផ្សព្វផ្សាយ ឲ្យបានយល់ដឹងបន្ថែមទៀត។

ទន្ទឹមនឹងនោះប្រជាពលរដ្ឋមួយរូប ក្នុងចំណោមប្រមាណ១,០០០នាក់នោះ គឺលោកងាំ គ្រេង បានឲ្យដឹងថា លោកបានជ្រួតជ្រាបហើយតាមប្រព័ន្ធ ផ្សព្វផ្សាយ កន្លងមកថ្មីៗនេះ គឺសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងកន្លងមកថា មីក្រូហិរញ្ញវត្ថុទាំងអស់ គឺជារបស់ឯកជន កុំឲ្យមានការភ័ន្តច្រឡំថា ជារបស់រដ្ឋឲ្យសោះ ។

គួរបញ្ជាក់ថា កាលពីថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងធនាគារជាតិនៃកម្ពុជា ណែនាំបន្តដល់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ទាំងអស់ត្រូវបន្ថែមពាក្យថា «គ្រឹះស្ថានឯកជន» នៅលើស្លាកយីហោរបស់ខ្លួន ដើម្បីជៀសវាងឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំឲ្យសោះ៕