(ប៉ៃលិន)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន និងរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តប៉ៃលិន បានបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងរៀបចំផែនការ វេទិកាសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន។

ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន រដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត និងក្រុមប្រឹក្សាឃុំ សង្កាត់ សរុបប្រមាណ ១៨០នាក់។

ថ្លែងក្នុងឱកាសនោះ លោក អ៉ី ឈាន បានសង្កត់ធ្ងន់ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលខេត្ត ជម្រុញសហការគ្រប់ស្ថាប័នមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រោះគ្រឿងញៀនជាសត្រូវដ៏ធំនៃការអភិវឌ្ឍជាតិរបស់យើង។ ហើយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ពង្រឹងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស សំដៅបង្កើនជំនឿទុកចិត្តដល់ប្រជាជន ពិសេសក្តាប់ឲ្យជាប់ និងប្រតិបត្តិឱ្យបានត្រឹមត្រូវនូវកម្មវិធីនយោបាយ គោលការណ៍ និងសេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​បានដាក់ចេញនូវ​កំណែទម្រង់​ទូលំទូលាយ និង​ស៊ីជម្រៅ ដើម្បី​ផ្សាភ្ជាប់រវាងរាជរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋ តាមរយៈ​គោលដៅ ៣ សំខាន់ ​គឺ ទី​១-​ចុះ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​មូលដ្ឋាន ទី​២-​រៀបចំ​វេទិកាសាធារណៈ ស្តាប់ និង​ដោះស្រាយជូនប្រជាពលរដ្ឋ​នៅ​ទីកន្លែង និង​ទី​៣-​ដើម្បី​ឆ្លើយតប​គណនេយ្យភាព​សេវា​របស់​រាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​កា​រ​ផ្តល់​សេវា ជូនដល់​ប្រជាជន និងមហាជន​៕