(ភ្នំពេញ)៖ មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ជាព្រឹត្តិការណ៍ដែលបានរៀបចំឡើងរវាង ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និង មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយបានបង្ហាញសកម្មភាពជាច្រើនពាក់ព័ន្ធ វប្បធម៌ប្រពៃណីរបស់ ប្រទេសកម្ពុជា និងជប៉ុន។ មហោស្រពនេះ ត្រូវបានមើលឃើញថា ចូលរួមចំណែកយ៉ាងច្រើនក្នុងការធ្វើឲ្យទំនាក់ទំនង ពលរដ្ឋកម្ពុជា-ជប៉ុន ជាពិសេសយុវជនជំនាន់ក្រោយ មានទំនាក់ទំនងជាមួយគ្នាកាន់តែល្អប្រសើរ។

ឆ្នាំ២០១៧នេះ ជាឆ្នាំទី៦ ហើយ ដែលស្ថានទូតជប៉ុន និង CJCC រៀបចំមហោស្រពគីហ្សូណា។ មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ឆ្នាំ ២០១៧ ត្រូវបានធ្វើឡើងយ៉ាងមហោឡារិកក្រោមអធិបតីភាពលោក ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហូរីណុអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និង លោក ហ៉ឹង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី។ ព្រមទាំងមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា មន្រ្តីទូត ព្រមទាំងសិស្សនិស្សិតរបស់កម្ពុជា និង ជប៉ុនផងដែរ។

ថ្ងៃបើកមហោស្រពគីហ្សូណា ផ្ទាំងទស្សនីយភាពសិល្បៈរបស់កម្ពុជា និងជប៉ុនជាច្រើនទម្រង់ត្រូវបានលើកមកបង្ហាញ ជូនអ្នកចូលរួម មានដូចជា៖ សិល្បៈល្ខោនខោលសម្តែងពីរឿងរាមកេរ្តិ៍ ការច្រៀងចម្រៀងសម័យពីអ្នកចម្រៀងវ័យក្មេង នៅកម្ពុជា ការសម្តែងក្បាច់រាំដ៏ រស់រវើករបស់ក្រុមយុវតីជប៉ុនឈ្មោះថា TEMPURA KIDZ ហើយចុងបញ្ចប់នៃកម្មវិធី គឺការសម្តែងចម្រៀងចាប៉ីដងវែងរបស់ខ្មែរ។ ទម្រង់សិល្បៈទាំងអស់នេះ បានធ្វើឲ្យអ្នកចូលរួមទាំងពលរដ្ឋខ្មែរ និង ជប៉ុន ទស្សនាយ៉ាងជក់ចិត្តដិតអារម្មណ៍ផងដែរ។

លោកស្រី កាអូរិ តាណាបេ លេខាទី២ នៃស្ថានទូតជប៉ុន ដែលបានបំពេញការងាររយៈពេល ៨ឆ្នាំមកហើយនៅក្នុង ប្រទេសកម្ពុជា បានថ្លែងឲ្យថា គីហ្សូណា ជាពាក្យសំដៅដល់ចំណងទំនាក់ទំនងជាមួយអ្នកសំខាន់ៗ ដូចជាគ្រួសារ ឬ មិត្តភក្តិជាដើម។ ដូច្នេះការប្រារព្ធមហោស្រពគីហ្សូណា ជាការចង់បញ្ជាក់ពីចំណងទំនាក់ទំនង រឹងមាំរវាងកម្ពុជាជប៉ុន យ៉ាងដូច្នោះដែរ។

លោក ហ៉ឹង ថូរ៉ាក់ស៊ី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំឡើងនូវមហោស្រពគីហ្សូណា ព្រោះជាព្រឹត្តិការណ៍ធ្វើឲ្យ ចំណងទំនាក់ទំនងវប្បធម៌កម្ពុជា-ជប៉ុន កាន់តែល្អប្រសើរ ហើយរាជរដ្ឋាភិបាលគាំទ្រព្រឹត្តិការណ៍នេះយ៉ាងពេញហឹង។

លោកបានថ្លែងយ៉ាងដូច្នេះ «ព្រឹត្តិការណ៍វប្បធម៌នេះ គឺពិតជាមានសារៈសំខាន់ ព្រោះថាព្រឹត្តិការណ៍ទាំងនេះ បង្កើតឲ្យមានការផ្លាស់ប្តូរ និងការពិភាក្សាដោយផ្ទាល់រវាងប្រជាជាតិ នៃប្រទេសទាំងពីរ។ តាមរយៈការយល់ ដឹងកាន់តែច្បាស់អំពីវប្បធម៌ នៃប្រទេសទាំងពីរ យើងនឹងអភិវឌ្ឍ និងពង្រឹងចំណងមិត្តភាពបន្ថែមទៀត»

មហោស្រពគីហ្សូណា ដែលមានរយៈពេល ៤ថ្ងៃ ហើយនឹងបិទបញ្ចប់នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គេសង្កេត ឃើញមានសិស្ស និស្សិតកម្ពុជា ក៏ដូចជាសិស្ស និស្សិតជប៉ុនផងដែរ បានចូលរួមទស្សនាការតាំង បង្ហាញផលិតផល របស់ខ្មែរ និងជប៉ុន និងល្បែងផ្សេងៗជាច្រើនទៀត សុទ្ធសឹងជាប្រពៃណីរបស់ខ្មែរ និងជប៉ុន។

កញ្ញា សួន ម៉ាណែត ដែលបានចូលរួមព្រឹត្តិការណ៍មហោស្រពគីហ្សូណា រយៈពេលពីរឆ្នាំហើយគិតត្រឹមឆ្នាំ២០១៧នេះ បានបង្ហាញទស្សនៈសុទិដ្ឋិនិយមថា មហោស្រពគីហ្សូណាជាព្រឹត្តិការណ៍ដ៏ល្អមួយ ក្នុងការធ្វើឲ្យទំនាក់ទំនង ពលរដ្ឋកម្ពុជា-ជប៉ុន កាន់តែល្អប្រសើរតាមរយៈការយល់ដឹងពីវប្បធម៌រវាងគ្នាទៅវិញទៅមក។ ម៉ាណែត ក៏ជឿងជាក់ថា តាមរយៈការជំរុញឲ្យមានទំនាក់ទំនងល្អរវាងពលរដ្ឋកម្ពុជា-ជប៉ុន វានឹងជួយជំរុញការវិនិយោគរបស់ជប៉ុន មកកាន់កម្ពុជាផងដែរ។

លោក Kentaro Watanabe យុវជនជប៉ុន ដែលកំពុងបម្រើការងារក្នុងក្រុមហ៊ុនឯកជនមួយនៅកម្ពុជា ហើយបានចូលរួម ទស្សនា មហោស្រពគីហ្សូណាដែរនោះ ក៏បានបង្ហាញអារម្មណ៍រំភើបរីករាយផងដែរ ពេលរូបគេបានឃើញ សកម្មភាព ជាវប្បធម៌ និងប្រពៃណីជប៉ុនជាច្រើនបានដាក់តាំងបង្ហាញជូនពលរដ្ឋកម្ពុជា។ លោក Kentaro Watanabe មានជំនឿចិត្តថា មហោស្រពគីហ្សូណា នឹងជួយឲ្យទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែរឹងមាំថែមទៀត។

លោកស្រី កាអូរិ តាណាបេ លេខាទី២ នៃស្ថានទូតជប៉ុន ក៏បានមើលឃើញដែរថា ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន នាពេលបច្ចុប្បន្នកាន់ តែល្អប្រសើរឡើង បើធៀបរយៈពេល៨ឆ្នាំមុន ពេលដែលលោកស្រីទើបមកធ្វើការ នៅកម្ពុជា លើកដំបូង។ លោកស្រី បានមើលឃើញថា កើតចេញពីទំនាក់ទំនងចេះតែវិវឌ្ឍន៍ល្អប្រសើរនេះ ក៏បានជួយជំរុញអ្នក វិនិយោគជប៉ុន មកបណ្តាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនផងដែរ។

សូមបញ្ជាក់ថាមហោស្រពគីហ្សូណាឆ្នាំទី៦ ដែលបានប្រារព្ធធ្វើឡើងមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន នៅឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ធ្វើដំណើរទៅកាន់ប្រទេសជប៉ុន» ក្នុងបំណងអបអរសាទរការដាក់ ឲ្យហោះហើរត្រង់រវាងជប៉ុន និងកម្ពុជា កាលពីឆ្នាំ២០១៦។ តំបន់ទេសចរណ៍ល្បីៗរបស់ជប៉ុនជាច្រើន ត្រូវបានដាក់ តាំងបង្ហាញក្នុងមហោស្រពនោះ ក្នុងបំណងផ្សព្វផ្សាយ និង ទាក់ទាញពលរដ្ឋកម្ពុជាឲ្យលេងកម្សាន្តនៅប្រទេសជប៉ុន៕