(ភ្នំពេញ)៖ អ្នកបើកបររថយន្តក្រុងមួយគ្រឿង ទើបភ្ញាក់ពីដេក ឡើងបើករថយន្ត ច្រឡំជាន់ហ្កាមួយជើង ជ្រុលទៅបុករះម៉ូតូ៥គ្រឿង នៅតាមផ្លូវមុខផ្សារដើមគរ បណ្តាលឲ្យខូចខាតយ៉ាងដំណំផងដែរ។

ហេតុការណ៍នេះ បានកើតឡើងនាម៉ោងជាង២រំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខផ្សារដើមគរ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។​

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹថា មុនកើតហេតុគេឃើញរថយន្តក្រុងខាងលើ បានឈប់ចោលនៅជិតផ្សារដើមគរ លុះមួយសន្ទុះក្រោយមក ក៏បានឃើញអ្នកបើកបរទើបភ្ញាក់ពីដេក បានឡើងបើករថយន្ត តែមិនដឹងយ៉ាងម៉េច បានឃើញរថយន្ត ក្រុងនោះ បើកយ៉ាងលឿនឆ្ពោះ ទៅមុខធ្វើឲ្យអ្នកដំណើរតាមផ្លូវរត់ចែកជើងគ្នា បន្ទាប់មករថយន្តនោះ បានជ្រុលទៅបុករះម៉ូតូ ដែលនៅពីមុខចំនួន៥គ្រឿង បណ្តាលឲ្យខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ អ្នកបើកបរបានរត់ចោលឡានបាត់ ក៏លេចមុខថៅកែមកសងសំណង ដើម្បីបញ្ចប់រឿង នៅកន្លែងបុកតែម្តង៕