(កណ្តាល)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល និងជាអនុប្រធានទី១ គណៈអចិន្រ្តៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកល្វាឯម តំណាងលោបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈអចិន្រ្តៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល នៅរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបិទ និងប្រគល់ពានរង្វាន់ដល់ក្រុមកីឡាជ័យលាភី ក្នុងការប្រកួត បាល់ទះបាល់ទាត់ ក្រុមកីឡាមហាជន» នៅទីស្នាក់ការគណបក្សស្រុកល្វាឯម ខេត្តកណ្តាល។

កម្មវិធីនៃការប្រកួតកីឡានេះ មានវិញ្ញាសារ កីឡាបាល់ទាត់បុរស (មានកីឡាករ៥ក្រុម) កីឡាបាល់ទាត់នារី (មានកីឡាករ២ក្រុម) និងកីឡាបាល់ទះ (មានកីឡាករ១៣ក្រុម)។ កីឡាករ និងកីឡាការិនីទាំងអស់ បានប្រកួតយ៉ាងស្វិតស្វាញ ក្នុងកម្មវិធីប្រកួតកីឡានេះ ក្នុងរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ និងជាលទ្ធផលបច្ចេកទេស គឺបានរកឃើញក្រុមកីឡាករ ជ័យលាភីនាថ្ងៃនេះ។

លោកបានថ្លែងអបអរសាទរ ដក់ក្រុមកីឡាករជ័យលាភី និងបានថ្លែងកោតសរសើរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ ក្រុមគណៈកម្មការបច្ចេកទេស និងក្រុមកីឡាករទាំងទទួលបាន និងមិនទទួលបានជ័យលាភី ដែលឆ្លងកាត់ការ ហ្វឹកហាត់និងប្រកួតក្នុងស្មារតីភាតរភាព។

លោក គង់ វិបុល បានផ្តាំផ្ញើរដល់ក្មួៗជាកីឡាករទាំងអស់ថា គោលបំណងនៃការប្រកួតនេះគឺដើម្បី ១៖ លើកស្ទួយវិស័យកីឡា ឱ្យមានការរីកចម្រើន ២៖ លើកទឹកចិត្តយុវជនឱ្យស្រលាញ់កីឡា ៣៖អប់រំយុវជនឱ្យជៀសឆ្ងាយពីគ្រឿងញាណ ៤៖ ជម្រុញឱ្យមានការចូលរួមទាំងយុវជន និងយុវនារី ៥៖ បង្កើនសមត្ថភាពលើផ្នែកកីឡាបាល់ទាត់ និងបាល់ទះ និង ៦៖ ចូលរួមត្រៀមហ្វឹកហាត់ សម្រាប់ការប្រកួតស៊ីហ្គេមផងដែរ។

ជាមួយគ្នានេះ លោក គង់ វិបុល បានជម្រុញ និងស្នើដល់ក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំ ក្រុមការងារចលនាយុវជនឃុំ ចំណុះឱ្យស្រុកល្វាឯម អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធទាំងអស់បន្ត ជួយឧបត្ថម្ភទាំង សម្ភារៈ ថវិកា និងផ្នែកបច្ចេកទេស សំដៅជម្រុញឱ្យកីឡាករទាំងអស់ មានឱកាសទទួលបានការហ្វឹកហាត់ កាន់តែប្រសើរបន្ថែមទៀត ព្រមទាំងរៀបចំការប្រកួតបែបនេះ ឱ្យបានយ៉ាងហោច៦ខែម្តង សំដៅពង្រឹងសមត្ថភាព ដើម្បីឈានទៅចូលរួមការប្រកួតថ្នាក់ជាតិផងដែរ។

ជាបន្ត លោក គង់ វិបុល ប្រគល់ពានរង្វាន់ និងប្រាក់ឧបត្ថម្ភ ជូនដល់ក្រុមជ័យលាភីដូចខាងក្រោម៖
* ក្រុមកីឡាករបាល់ទាត់ចំណាត់ថ្នាក់លេខ១ ចំនួន៤លានរៀល
* ក្រុមកីឡាករបាល់ទះចំណាត់ថ្នាក់លេខ១ ចំនួន៤លានរៀល
* ក្រុមកីឡាករបាល់ទាត់ចំណាត់ថ្នាក់លេខ២ ចំនួន២លានរៀល
* ក្រុមកីឡាករបាល់ទះចំណាត់ថ្នាក់លេខ២ ចំនួន២លានរៀល
* ក្រុមកីឡាករបាល់ទាត់ចំណាត់ថ្នាក់លេខ៣ ចំនួន១លានរៀល
* ក្រុមកីឡាករបាល់ទះចំណាត់ថ្នាក់លេខ៣ ចំនួន១លានរៀល
* ក្រុមកីឡាការិនីបាល់ទាត់ចំណាត់ថ្នាក់លេខ១ ចំនួន១លានរៀល
* ក្រុមកីឡាការិនីបាល់ទាត់ចំណាត់ថ្នាក់លេខ២ ចំនួន៦០ ម៉ឺនរៀល

ដោយឡែកសម្រាប់ក្រុមកីឡា មិនបានទទួលជ័យភាគីទាំង១២ក្រុម ទទួលបានមួយក្រុមនូវថវិកាចំនួន២០ម៉ឺនរៀល សរុប ២,៤០០,០០០រៀល។ លោក គង់ វិបុល បានផ្តល់ការឧបត្ថម្ភសម្ភារៈ និងថវិកាសម្រាប់ការរៀបចំ ដំណើរការប្រកួត ក៏ដូចជាគណៈកម្មាធិការប្រកួត អាជ្ញាកណ្តាល និងកងកម្លាំងផងដែរ។ ជារួមការរៀបចំកម្មវិធីទាំងមូល ចំណាយសរុបទាំងអស់ចំនួន ៤៩,០៩០,០០០រៀល (២៦,៤៥០,០០០រៀល)៕