(រតនគិរី)៖ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ចូលរួមជា អធិបតីក្នុងពិធី បញ្ចុះបឋមសីលាកសាងអគារ​ធ្វើការ ដែលគ្រោងចំណាយថវិកាជាង១៣ម៉ឺនដុល្លារ ហើយជាគំនិតផ្ដួចផ្ដើម របស់លោកផ្ទាល់។

លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានឲ្យដឹងថា ដើម្បីប្រសិទ្ធភាពការងារ និងឲ្យមន្ត្រី​ក្រោមឱវាទ មានកន្លែងធ្វើការសមរម្យរូបលោក បានចំណាយថវិកាផ្ចាល់ខ្លួន ចំនួន៥ម៉ឺនដុល្លារ ហើយបានកៀងគរមន្ត្រីអាវុធហត្ថក្រោមឱវាទ, សប្បុរសជន, ក្រុមហ៊ុននានា ដែលធ្វើការវិនិយោគនៅខេត្តរតនគិរី ឲ្យជួយក្នុងការកសាងសមិទ្ធផលខាងលើនេះ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បញ្ជាក់​ថា លោកនឹងជម្រុញការកសាងអគារនេះ ឲ្យបានរួចរាល់ជាស្ថាពរក្នុងពេលឆាប់ៗខាងមុខ ហើយសមិទ្ធផលអគារដ៏ថ្មីស្រឡាង សម្រាប់បម្រើផលប្រយោជន៍ក្នុងអង្គភាព ពោល​គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ។

យោងតាមរបាយការណ៍សាងសង់ បន្ថែមថា អគារនេះសង់ផ្ទាល់ដីមាន១០បន្ទប់​ ប្រក់ក្បឿង មានបណ្តោយ៤០.២​ម៉ែត្រ និងទទឹង ៨.២ម៉ែត្រ ថវិកាចំណាយសាងសង់ជាង១៣ម៉ឺនដុល្លារ៕