(កំពត)៖ គ្រោះថ្នាក់ចរារចណ៍មួយ បានកើតឡើងនៅលើកំណាត់ ផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិក្រសាំង ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត រវាងម៉ូតូបុកជាមួយម៉ូតូ បណ្ដាលឲ្យមនុស្ស ម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែង និង២នាក់ទៀតរងរបួសស្រាល ដោយករណីនេះ បានកើតឡើងកាលពីវេលាម៉ោង០៦៖៣០នាទីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ។

មន្ត្រីនគរបាលចរាចរស្រុកអង្គរជ័យបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ បែន ពៅ ភេទប្រុស អាយុ៦៨ឆ្នាំរស់នៅ ភូមិណងសាហេតុ ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។ ជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខកំពត១E-៩៨៧១។

រីឯភាគីម្ខាងទៀត ឈ្មោះ ឡុញ ឈូ ភេទប្រុស អាយុ២៧ឆ្នាំជិះម៉ូតូ ឌុបប្រពន្ធពីក្រោយឈ្មោះ ឌុច ស្រីអែម អាយុ២៩ឆ្នាំ ទាំង២នាក់ រងរបួសស្រាល មានទីលំនៅ ភូមិព្រៃក្រឡាខាងលិច  ឃុំទូកមាសខាងលិច ស្រុកអង្គរជ័យ ខេត្តកំពត ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត១H-៨៦៥៩។

មន្ត្រីនគរបាលដដែលបានបញ្ជាក់ ឲ្យដឹងថា មុនកើតហេតុម៉ូតូទាំងពីរគ្រឿង បើកបរស្របទិសគ្នាពីកើតទៅលិច ដោយម៉ូតូខាងជិះ ឌុបគ្នាពីរនាក់ប្តីប្រពន្ធ បើកពីក្រោយក្នុងល្បឿន លឿនគួរសម ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះជិះពីមុខ បណ្តាលឲ្យដួលបោកក្បាល ទៅនឹងថ្នល់ជាតិបែកចេញឈាមស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុតែម្តង ចំណែកខាងពីរនាក់ប្តីប្រពន្ធ គ្រាន់តែរបួស ស្រាលប៉ុណ្ណោះ។

ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញចុះទៅធ្វើការវាស់វែង ហើយប្រគល់សពឲ្យក្រុមគ្រួសារជនរងគ្រោះ នាំយកទៅគេហដ្ឋាន ចាត់ចែង ធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកម៉ូតូទាំង២គ្រឿងកម្លាំងនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕