(តាកែវ)៖ បេក្ខភាពក្រុមប្រឹក្សាឃុំត្រាំកក់លំដាប់លេខរៀងទី៦ របស់គណបក្សសង្រ្គោះជាតិ លោក ផុក ទី រួមនិងសកម្មជន ជាច្រើនរូបផ្សេងទៀត បានកើតការខឹងសម្បារហូតដើរសរសេរពាក្យ «អយុត្តិធម៌ណាស់ លាហើយ» នៅលើស្លាក គណបក្សសង្រ្គោះជាតិ ដោយ សារតែពួកគាត់មិនពេញចិត្តចំពោះការកំណត់លេខរៀងបេក្ខភាពក្រុមប្រឹក្សាឃុំ ដែលគាត់អះអាងថា ធ្វើដោយមិនតម្លាភាព និង បក្ខពួកនិយម។

លោក ផុក ទី បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា ការដើរគូសនេះ ដោយសារតែពួកគាត់ ខឹងសម្បារនិងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ជាពិសេសប្រធានគណៈពង្រឹងបក្សក្នុងឃុំត្រាំកក់ លោក ប្រាក់ សាវន្ត បានជ្រើស តាំង និងកំណត់លេខរៀងបេក្ខភាពក្រុមប្រឹក្សាឃុំត្រាំកក់ ដោយមិនតម្លាភាព និងមិនយុត្តិធម៌។

លោក ផុក ទី បានឲ្យដឹងថា បេក្ខភាពក្រុមប្រឹក្សាឃុំត្រាំកក់ ៥រូប ដែលនៅពីលើរូបលោក គឺត្រូវបានជ្រើសតាំង ដោយការឃុបឃិត និងត្រូវរ៉ូវគ្នា មិនកើតចេញពីការចង់បានរបស់សកម្មជន និងប្រជាពលរដ្ឋនោះឡើយ។

លោក ផុក ទី បានបញ្ជាក់ថា រូបលោក និងសកម្មជន ជាច្រើនរូប ធ្លាប់បានធ្វើលិខិតតវ៉ាជាច្រើនដង តែមិនមានការឆ្លើយតប នោះឡើយ លើសពីនោះ លោក ប្រាក់ សាវន្ត ថែមទាំងបានស្រែក ដាក់លោកថា «បើមិនព្រមដើរចេញចុះ»

លោក ផុក ទី បានទាមទារឲ្យគណបក្សសង្រ្គោះជាតិ ធ្វើប្រជាមតិក្នុងការជ្រើសតាំងបេក្ខភាពក្រុមប្រឹក្សាឃុំត្រាំកក់ ពោលគឺត្រូវដាក់ ឈ្មោះបេក្ខភាពទាំងអស់ ឲ្យសកម្មជនបក្សក្នុងឃុំបោះឆ្នោតជ្រើសរើស ហើយបើលោកបានលេខរៀងទីប៉ុន្មាន ក៏លោកសុខចិត្តដែរ។ លោក ផុក ទី ជឿថា មានតែការធ្វើប្រជាមតិទេ ទើបអាចជ្រើសរើសបានបេក្ខក្រុមប្រឹក្សាឃុំ ដែលមានសមត្ថភាព ក្នុងការអភិវឌ្ឍ ភូមិឃុំ និងអាចទៅប្រកួតប្រជែងជាមួយ បក្សនយោបាយដទៃបាន។

លោក ផុក ទី បានថ្លែងបញ្ជាក់ដូច្នេះ «បើសិនគ្មានដំណោះស្រាយ ខ្ញុំនឹងដើរចេញ។ បើមានដំណោះស្រាយយុត្តិធម៌ និងតម្លាភាព ខ្ញុំនឹងធ្វើ តែបើអត់ទេ អត់ធ្វើ ពីព្រោះធ្វើទៅអត់មានន័យអី ធ្វើទៅបានន័យថា ការដែលខ្ញុំធ្វើ ខ្ញុំចាញ់បោកគេ។ ការជ្រើសរើស បេក្ខភាពឃុំនីមួយៗថា រើសអ្នកមានសមត្ថភាព អ្នកមានប្រជាប្រិយទៅប្រកួតប្រជែងជាមួយគេ និងរើសមនុស្សល្អទៅអភិវឌ្ឍន៍ ភូមិឃុំបាន ពេលជាប់ទៅមានគំនិតអភិវឌ្ឍន៍ភូមិឃុំ»

សកម្មជនគណបក្សសង្រ្គោះជាតិ ដែលមានអតីតភាពជាគ្រូបង្រៀនរូបនេះ បន្តថា ការដែលលោកធ្វើ គឺកើតចេញពីឆន្ទៈរបស់លោក គ្មានការរៀបចំពីបក្សនយោបាយណាមួយនោះឡើយ។ តែបច្ចុប្បន្នរូបលោកត្រូវបានគេចោទថា ត្រូវបានលក់ខ្លួនឲ្យបក្សកាន់អំណាច បើទោះបីលោកបបួលទៅស្បថជាច្រើនដងយ៉ាងណាក្តី។

បើតាមលោក ផុក ទី ស្លាកគណបក្សដែលសរសេរពាក្យ «អយុត្តិធម៌ណាស់ លាហើយ» នោះ មានចំនួនពីរស្លាក។ តែលោក និងសកម្ម ជននឹងលុបចោលវិញ ប្រសិនបើគណបក្សយល់ព្រមធ្វើប្រជាមតិកំណត់លេខរៀងបេក្ខភាពក្រុមប្រឹក្សាឃុំ។

លោក ផុក ទី បានគំរាមថា បើបក្សមិនព្រមធ្វើប្រជាមតិទេនោះ រូបលោក និងសកម្មជនក្នុងឃុំត្រាំកក់ជាច្រើនទៀត នឹងដើរចេញពីបក្ស៕