(ព្រៃវែង)​៖ ប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយឃុំអង្គរទ្រេត និងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លោកឧត្តមសេនីយ៍ ហ៊ូ សាគុណ បានជំរុញឲ្យបេក្ខជន ក្រុមប្រឹក្សាឃុំ ចុះជួបសំណាលសំណាលសួរទុក្ខ ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីមានវិធានការដោះស្រាយ។

ពិធីប្រជុំត្រួតពិនិត្យ សភាពការណ៍ក្រោយការបោះឆ្នោតជ្រើសរើស បេក្ខភាពក្រុមប្រឹក្សាឃុំ និងផ្សព្វផ្សាយទិសដៅឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី4 នៅឃុំអង្គរទ្រេត នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឧត្តមសេនីយ៍ ហ៊ូ សាគុណ បានស្នើឲ្យបេក្ខជនក្រុមប្រឹក្សាឃុំ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ និងក្រុមការងារតាមឃុំ ត្រូវ​យកចិត្តទុកដាក់​ពីសុខទុក្ខជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ​ដែលមានជីវភាពខ្វះខាត ដោយចុះដល់ខ្នងផ្ទះ និងមិនត្រូវគិតពី និន្នាការ​នយោបាយ​នោះទេ ពិសេសត្រូវខិតខំធ្វើអំពើល្អ បើគោលនយោបាយបក្សល្អហើយ បេក្ខជនមិនល្អក៏មិនអាចទៅរួចនោះដែរ។

ទន្ទឹមនោះឧត្តមសេនីយ៍ បានស្នើឲ្យត្រូវខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងគ្មានការ​កោស​រូស ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ​ និងមានភាពជឿជាក់មកលើការដឹកនាំគណបក្សប្រជាជន និងបោះឆ្នោតជូន​គណបក្សប្រជាជន នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។

លោកបញ្ជាក់ថា «ដើម្បីឲ្យសមាជិកបក្សយើងម្នាក់ សន្លឹកឆ្នោតមួយវាទាមទារឲ្យបក្សយើងល្អ បេក្ខជន សមាជិកយើង​ល្អនិងទាមទារ ឲ្យយើង កែការខ្វះខាត ទាមទារអំពើល្អរបស់យើង ដើម្បីប្រកួតប្រជែងជាមួយបក្សដទៃ ពិសេសមាន​សាមគ្គីភាពផ្ទៃក្នុងល្អ»។

ឧត្តមសេនីយ៍ ហ៊ូ សាគុណ ក៏បានជំរុញឲ្យកម្លាំងនគរបាល មានសមត្ថកិច្ចទាំងពីរឃុំ ត្រូវពង្រឹងកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសកន្លែងងាយរងគ្រោះ ដូចជា៖ កន្លែងរកស៊ីលក់មាស ប្តូរប្រាក់ វេរប្រាក់ និងបន្តការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ទន្ទឹមនោះក្រុមការងារត្រូវបន្តចុះចែកមូលនីធិសប្បុរ សម្តេចក្រឡាហោម ស ខេង ចំពោះស្រ្តីសម្រាលកូន និងគ្រួសារសព។

ក្នុងកម្មវិធីនេះ ក្រុមការងារ ក៏បានឧបត្ថម្ភអ្នកចូលរួមអស់ទឹកប្រាក់ចំនួន១.០៥០.០០០រៀល។ ចិញ្ចឹមចលនាសំរាប់ឧបត្ថម្ភប្រចាំខែ ៤០០.០០០រៀល។ បន្ទាប់មកលោកបានចុះពិនិត្យការដ្ឋានស្តារ ប្រឡាយ មួយខ្សែប្រវែង200ម៉ែត្រ មាត់លើ ប្រឡាយប្រវែង5ម៉ែត្រ ជម្រៅ 2ម៉ែត្រសំរាប់រំដោះជំនន់ទឹកភ្លៀង០២ភូមិ ចំណាយអស់ទឹកប្រាក់ចំនួន 10.000.000៛ សរុបរួមថវិកាចំណាយអស់ចំនួន 11.950.000រៀល៕