(បាត់ដំបង)៖ សមាជិកគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា (CPP) ជាប្រធានក្រុមការងារCPP ចុះជួយស្រុកសង្កែ ខេត្តបាត់ដំបង លោក ឡោក ហ៊ួរ បានចុះជំរុញឲ្យបេក្ខភាពក្រុមប្រឹក្សាឃុំទាំងអស់ ទៅជម្រាបប្រជាពលរដ្ឋថា កុំឲ្យចាញ់បោក បក្សប្រឆាំងឃោសនាថា «បើគេឈ្នះឆ្នោតគេលុបបំណុលចោលទាំងអស់» តែម្ចាស់បំណុលជាឯកជន ហើយអ្នករងគ្រោះ គឺជាប្រជាពលរដ្ឋនោះទេ។

ការលើកឡើងបែបនេះ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងពិធីសំណេះសំណាលជាមួយបេក្ខភាព ក្រុមប្រឹក្សាឃុំអាណត្តិទី៤ ឆ្នាំ២០១៧នៅទីស្នាក់ការបក្សស្រុកសង្កែ ដែលពិធីក៏មានការអញ្ជើញចូលរួមពីក្រុមការងារស្រុក បេក្ខភាពក្រុមប្រឹក្សាឃុំ មកពីឃុំទាំង១០ ក្នុងស្រុកសង្កែ សរុបប្រមាណ៣១៣នាក់។

នៅក្នុងឱកាសនោះដែរ គណអធិបតីក៏បានអនុញាតឲ្យក្រុមប្រឹក្សាឃុំទាំងអស់ឡើងមានមតិម្តងម្នាក់រៀងៗខ្លួន ដើម្បីបានបង្ហាញពីការ ខ្វះខាត និងកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសំណូមពរឲ្យក្រុមការងារជួយដោះស្រាយបន្តបំពេញបន្ថែម តាមតម្រូវការ របស់ពួកគាត់គ្រប់ៗគ្នា។

លោកប្រធានក្រុមការងារបានបញ្ជាក់ថា «បេក្ខភាពក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ និងពន្យល់ ពួកគាត់ឲ្យបានយល់ច្បាស់ថា គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ ច្បាស់លាស់ហើយខ្លាំង បានកសាង និងអភិវឌ្ឍន៍ប្រទេសជាតិតាំងពីបាត់ដៃទទេ និងមានការរីកចម្រើន មានសមិទ្ធិផលរាប់មិនអស់ដល់សព្វថ្ងៃចុះបក្សប្រឆាំង វិញបានធ្វើអ្វីខ្លះជូនប្រជាពលរដ្ឋ? គឺបានត្រឹមតែឃោនាភូតកុហក់ បោកប្រាស់ប្រជាពលរដ្ឋឲ្យបោះឆ្នោតដល់គណបក្សគេប៉ុណ្ណោះ»
 
លោកប្រធានក្រុមការងារបានបន្តថា បើគណបក្សប្រជាជនកម្ពុជាមិនខ្លាំងហើយត្រឹមត្រូវទេនោះ គឺមិនមែនឈ្នះឆ្នោតរហូតនោះឡើយ ហើយ CPP តែងតែគោរពច្បាប់ និងគិតគូរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាធំ ទីណាមានការលំបាក គឺមានមុខក្រុមការងារCPP ចុះជួយដោះស្រាយជូនពួកគាត់បានរហ័សទាន់ពេលវេលានិងគ្រប់កាលៈទេសៈ។

លោកបានបញ្ជាក់ទៀតថា «ក្នុងនាមថ្នាក់ដឹកនាំមូលដ្ឋាន មានថ្នាក់ភូមិ ថ្នាក់ឃុំ ត្រូវបម្រើប្រជាពលរដ្ឋឲ្យបានល្អ កុំឲ្យពួកគាត់មាន ការថ្នាំងថ្នាក់ជាមួយយើង ហើយពីពេលនេះទៅបេក្ខភាពទាំងអស់ត្រូវចុះសួរសុខទុក្ខ និងជួយបំពេញបន្ថែមនូវការលំបាក របស់ពួកគាត់ ដើម្បីឲ្យពួកគាត់ស្រឡាញ់គាំទ្រយើង និងបោះឆ្នោតជូនCPP ថ្នាក់មូលដ្ឋាននាដើមខែមិថុនាឆ្នាំ២០១៧ ដើម្បីទទួលបានជ័យជម្នះ បន្តដឹកនាំកសាងមូលដ្ឋានឲ្យកាន់ប្រសើរឡើង»

នៅក្នុងឱកាសនោះលោកប្រធានក្រុមការងារ ក៏បានចែកមួក អាវគណប​ក្ស និងសារុងម្នាក់មួយៗផងដែរ៕