(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានដឹកនាំក្រុមវេជ្ជបណ្ឌិត និង និស្សិតពេទ្យស្ម័គ្រចិត្ត នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោចំនួន១១៥នាក់ សហការជាមួយអជ្ញាធរខណ្ឌ និងយុវជន បានចុះព្យាបាលបងប្អូន កម្មករ-កម្មការិនីរោងចក្រ «ដុងជូថេកស្តាយ» និងប្រជាពលរដ្ឋចំនួន១២៩៨នាក់ ដោយឥតគិតថ្លៃនៅ សង្កាត់ក្រាំងពទ្រ ខណ្ឌដង្កោ ដែលមានការចូលរួមពីអ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ សភាសម្ព័ន្ធសហជីបជាតិកម្ពុជាអាជ្ញាធរ យុវជន កម្មករ-កម្មការិនី និងប្រជាពលរដ្ឋជាច្រើននាក់។

លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលបានយកទុកដាក់់ចំពោះជីវភាពរបស់ បងប្អូន កម្មករ កម្មការិនីបម្រើការនៅតាមរោងចក្រ តាមរយៈការតម្លើងប្រាក់ឈ្នួល និងការរស់នៅប្រចាំថ្ងៃ ដែលការគិតគូនេះបានធ្វើ ឱ្យបងប្អូន កម្មករ-កម្មការិនី មានជីវភាពរស់នៅសមរម្យអាចជួយទៅដល់ ក្រុមគ្រួសារដើម្បីបំពេញតម្រូវការផ្សេងៗ។

លោក កែប ជុតិមា អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ បានថ្លែងថា ក្រៅពីយកទុកដាក់់ចំពោះជីវភាពរបស់បងប្អូនកម្មករ-កម្មការិនី រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះសុខភាពរបស់បងប្អូន។ ជាក់ស្តែងថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានសហការជាមួយអាជ្ញាធរបានចុះពិនិត្យ និងព្យាបាលឥតគិតថ្លៃជូនដល់បងប្អូន កម្មករ-កម្មការិនី និងប្រជាពលរដ្ឋចំនួន១២៩៨នាក់ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ។
 
បងប្អូន កម្មករ-កម្មការិនី រោងចក្រកាត់ដេរ និងប្រជាពលរដ្ឋដែលបានទទួលសេវាព្យាបាលដោយឥតគិតថ្លៃ នេះបានបង្ហាញអារម្មណ៍ សប្បាយរីករាយ ដោយពួកគេទទួលបានការយកចិត្តទុកដាក់ចំពោះការថែទាំសុខភាព និងការរស់របស់ពួកគេពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល តាមរយៈការចុះព្យាបាលដោយឥតគិតថ្លៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោនាពេលនេះ។

លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង តំណាងលោក ហ៊ុន ម៉ណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA និងលោកស្រី បានឲ្យដឹងថា ការចុះពិនិត្យ និងព្យាបាលឥតគិតថ្លៃជូនដល់បងប្អូន កម្មករ-កម្មការិនី និងប្រជាពលរដ្ឋ គឺផ្តោតលើគោលបំណងធំៗចំនួន៣ រួមមាន៖ ការផ្តល់ការព្យាបាលជូនដល់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ ដោយយមិនប្រកាន់និន្នាការនយោបាយ សាសនាឬពណ៌ សម្បុរឡើយ។

លោកវេជ្ជបណ្ឌិតបានបន្តថា សកម្មភាពមនុស្សធម៌នេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាព្យាបាល មកកៀងផ្ទះរបស់អ្នកជំងឺ និងក៏ជាការរួមចំណែកបណ្តុះបណ្តាលដល់សមាជិកសមាគមជាពិសេសប្អូននិស្សិតពេទ្យស្ម័គ្រចិត្ត។

តាមការបញ្ជាក់របស់អាជ្ញាធរខណ្ឌបានឱ្យដឹងថា នេះគឺជាលើកទី០៥ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះព្យាបាល ដោយឥតគិតថ្លៃជូនដល់បងប្អូន កម្មករ-កម្មការិនីរោងចក្រកាត់ដេរ និងប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ៕