(ម៉ានីល)៖ ពិតបា្រកដ ១០០% ហើយ ស្តេចប្រដាល់លំដាប់លេខ២ ពិភពលោក Manny Pacquiao បានព្រមព្រៀង​ឡើង​ការពារខ្សែក្រវាត់ទម្ងន់មធ្យម WBO នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០១៧ ខាងមុខ ដោយប៉ះជើងខ្លាំងវ័យក្មេងត្រឹមតែ ៣០ឆ្នាំ Amir Khan ជនជាតិអង់គ្លេស។

នេះជាលើកទី១ ប្រវត្តិសាស្រ្តហើយសម្រាប់ខ្លាកំណាចទាំងពីរជួបគ្នានៅទឹកដីកណ្តាលនៅលើសង្វៀនស្ថិតក្នុងទីក្រុង អ្នកមាន ឌូប៉ៃ នៃប្រទេសអារ៉ាប់រួម ខណៈដែលតម្លៃខ្លួនមិនត្រូវបានសារព័ត៌មាន Dailymail របស់ចក្រភពអង់គ្លេសបញ្ជាក់​ឲ្យដឹងឡើយ។

Khan ដែលមានកម្ពស់ ១.៧៤ម៉ែត្រ គឺជាកីឡាករប្រដាល់សកលទី២ របស់អង់គ្លេសដែលបុរសវ័យ៣៨ឆ្នាំ Pacquiao ត្រៀមឡើងវាយ និងការពារខ្សែក្រវាត់ WBO ដែលខ្លួនបានឈ្នះពី Jessie Vargas កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៦ ដោយពិន្ទុផងដែរនៅទឹកដីអាមេរិកនោះ ខណៈដែលកីឡាករអង់គ្លេស Ricky Hatton ត្រូវបានសន្លប់ក្រោមថ្វីដៃរបស់ Pacquiao ត្រឹមវគ្គទី២ កាលពីខែឧសភា ឆ្នាំ២០០៩។

ការឡើងវាយទល់នឹង Amir Khan ជាការប្រកួតលើកទី៦៨ របស់បុរសសមាជិកសភាហ្វីលីពីននាពេលបច្ចុប្បន្នដែល ធ្លាប់បានប្រកាសចូលនិវត្តន៍ពីវិស័យឈឺសាច់នេះម្តងរួចមកហើយកាលពីខែមេសា ឆ្នាំ២០១៦ កន្លងទៅជាមួយនឹងជ័យ រហូតដល់ទៅ៥៩ដង ស្មើ២ដង និងចាញ់៦ដង ដោយធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន៣៨ដង តែ Amir Khan វិញធ្លាប់ ប្រកួតទើបតែបាន ៣៥ដង ឈ្នះ៣១ដង មិនដែលស្មើ់ និងចាញ់៤ដង ធ្លាប់ផ្តួលដៃគូឲ្យសន្លប់នៅលើសង្វៀនបាន ១៩ដងនាពេលកន្លងមក៕