(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញអនុសាសន៍៥ចំណុច ដើម្បីទាក់ទាញកំណើនទេសចរឲ្យកាន់តែមាន សន្ទុះខ្លាំងក្លានៅកម្ពុជា។ ការថ្លែងបង្ហាញពីអនុសាសន៍សំខាន់ៗ ទាំង៥ចំណុចនេះ ធ្វើឡើងនៅក្នុងទិវាទីក្រុងស្អាត លើកទី៥ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ទីក្រុងស្អាត ផ្តល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ» និងប្រគល់រង្វាន់ជ័យលាភី សម្តេចតេជោ ហ៊ុន សែន សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ លើកទី២ អមដោយជ័យលាភីបដិសណ្ឋារកិច្ចល្អ សេវាសាធារណៈរបស់ក្រុង និងខណ្ឌនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា អនុសាសន៍៥ចំណុច ដើម្បីទាក់ទាញកំណើនទេសចរ ឲ្យកាន់តែមានសន្ទុះខ្លាំងក្លានៅកម្ពុជារួមមាន៖
១៖ ត្រូវរួមគ្នាថែរក្សាសណ្តាប់ធ្នាប់ សម្អាតសំរាម ផ្សព្វផ្សាយពីអនាម័យ គឺផ្តើមពីយើងដោយមានការចូលរួមពីសហគមន៍ និងគ្រួសារនីមួយៗ ជាពិសេសពីក្រុមអ្នកស្ម័គ្រចិត្ត និងយុវជន។

២៖ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ឋមូលដ្ឋានសាធារណៈដូចជាផ្លូវថ្នល់ ផ្លូវលំឲ្យបានងាយស្រួល និងរៀបចំចំណតយានយន្ត ឲ្យបានត្រឹមត្រូវល្អ ព្រមទាំងជំរុញការអនុវត្តច្បាប់ចរាចរណ៍ឲ្យបានល្អផងដែរ។ សម្តេចតេជោ បានរំលឹកផងដែរកុំឲ្យដោះដូរផ្លាស់ប្តូរ ចំណតរថយន្តចាស់ យកទៅដាក់នៅទីតាំងថ្មី ចៀសវាងការយល់ច្រឡំ និងបង្កបញ្ហាផ្សេងៗដល់ប្រជាពលរដ្ឋ។

៣៖ ជំរុញ គាំទ្រ និងលើកតម្កើងរមណីយដ្ឋានដែលមានការអភិវឌ្ឍគិតគូរអំពីបរិស្ថាន និងមានទស្សនទានបៃតង។

៤៖ យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម ដោយខិតខំដោះស្រាយ ផ្តល់ជូននូវសេវាសាធារណៈបម្រើប្រជាជន ដោយភាពស្មោះត្រង់ និងកក់ក្តៅ ព្រមទាំងចូលរួមបដិសណ្ឋារកិច្ចល្អ។

៥៖ ថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ចាត់វិធានការទប់ស្កាត់គ្រឿងញៀន «ថាទេ ចំពោះគ្រឿងញៀន»។ គឺឲ្យគេលេងមកហើយ ហើយឲ្យគេមកវិញទៀត ដោយនាំមកនូវក្រុមគ្រួសារ និងមិត្តភ័ក្តិមកថែមទៀត គឺត្រូវធ្វើដោយស្នាមញញឹមរួសរាយរាក់ទាក់។ ការរីកចំរើននៃវិស័យសេវាកម្ម ឧស្សាហកម្ម និងកសិកម្ម គឺជាសញ្ញានៃការរីកចម្រើននៃប្រទេសជាតិទាំងមូល។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយថ្មីៗនេះ បានបង្ហាញថា នៅឆ្នាំ២០១៦ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិចំនួន «៥,០១១,៧១២នាក់» ដែលកើនឡើង៥ភាគរយ បើធៀបនឹងឆ្នាំ២០១៥។ ចំណែកភ្ញៀវទេសចរកម្ពុជា ដែលធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសវិញនោះ មានចំនួន «១,៤៣៤,០៣០នាក់» គឺកើនឡើង ២០.១ភាគរយ។

របាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា ភ្ញៀវទេសចរដែលមកទស្សនាកម្ពុជាច្រើនជាងគេ នៅឆ្នាំ២០១៦ គឺនៅតែជាភ្ញៀវជនជាតិវៀតណាម ដែលមានចំនួន ៩៥៩,៦៦៣នាក់ តែមានការថយចុះ ២.៨ភាគរយ ខណៈភ្ញៀវជនជាតិចិន មានចំនួន ៨៣០,០០៣នាក់ កើនឡើង ១៩.៥ភាគរយ។ ក្នុងនោះភ្ញៀវទេសចរ មកតាមផ្លូវអាកាសមានចំនួន ២,៧០៤,៣៦៧នាក់ កើនឡើង ៩.២ភាគរយ ផ្លូវគោកចំនួន ២,១៥៣,៩៣២នាក់ និងផ្លូវទឹក មានចំនួន ១៥៣,៤១៣នាក់៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖