(ព្រៃវែង)៖ គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានប្រកាសបញ្ចូលសមាជិកថ្មី ចំនួន៥២៧នាក់បន្ថែមទៀត នៅស្រុក-ក្រុងចំនួន ៣រួមមាន៖ ស្រុកពោធិ៍រៀង ស្រុកស៊ីធកណ្តាល និងក្រុងព្រៃវែង ដើម្បីចូលរួមកាន់តែខ្លាំងទៅលើសកម្មភាព ចុះតាមមូលដ្ឋានជួយ ប្រជាពលរដ្ឋ និងការដោះស្រាយជូនពួកគាត់ទាន់ពេលវេលា។

ពិធីប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្រោម វត្តមានលោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងលោក ងិន បាណាល់ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

នៅក្នុងឱកាសនោះ លោក ងិន បាណាល់ បានប្រាប់ទៅសមាជិកទាំងអស់ ត្រូវវាយបកឲ្យទាន់ពេលដល់ជនអគតិទាំងឡាយ ដែលដើរបំពុល និងចោទប្រកាន់គ្មានការពិត មកលើគណបក្សប្រជាជនកម្ពុជា ហើយសមាជិកទាំងអស់ មិនត្រូវចាញ់បោកគណបក្សសន្យាខ្យល់ផងដែរ។

លោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលខេត្ដព្រៃវែង បានណែនាំដល់សមាជិក ត្រូវយកចិត្ដទុកដាក់លើការងាររបស់ខ្លួនកាន់តែមានប្រសិទ្ធភាព និងការបង្កើនសកម្មភាពចុះជួយដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋខ្លាំងឡើង។ តំណាងរាស្រ្តរូបនេះ ក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវចេះស្រឡាញ់គ្នា និងសហការគ្នាលើកិច្ចការបម្រើប្រជាពលរដ្ឋតាមមូលដ្ឋានកាន់តែប្រសើឡើង។

លោកតំណាងរាស្រ្ត ក៏បានបញ្ជាក់ថា លោកបានរកក្រុមហ៊ុនធំៗ មួយចំនួនមកធ្វើការវិនិយោគនៅខេត្តព្រៃវែង តែមានបញ្ហាពីរធំៗ គឺទឹក និងចរន្តអគ្គិសនី។

លោកក៏បានលើកឡើងថា ជារៀងរាល់ពីរឆ្នាំម្ដង ប្រទេសចិន នៅខេត្តអានហួយ បានអនុញ្ញាតឲ្យទៅរៀន៣០នាក់ លើមុខជំនាញចំនួន១០មុខវិជ្ជា។

នៅក្នុងឱកាសនោះ លោកក៏បានប្រគល់សញ្ញាបត្រកុំព្យូទ័រ និងភាសាអង់គ្លេសចំនួន៧០នាក់ផងដែរ៕