(ភ្នំពេញ)៖ ទណ្ឌិត​ ពេជ្រ​ ព្រហ្ម​មុន្នី​ ដែល​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ ជា​គ្រូ​មន្តអាគម ​និង​ជាមនុស្ស​ជំនិត​បំផុត​របស់​លោក​ អាំង​ មាលតី​ អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បរាជ័យ​ក្នុង​ការ​ស្នើ​សុំ​តុលាការ​ស្រូប​ទោស​ ដើម្បី​ឆាប់​បាន​ចេញ​ពី​ពន្ធនាគារ​ ។​ ទោះ​យ៉ាង​នេះ​ក្ដី​ ទណ្ឌិត​ ពេជ្រ​ ព្រហ្ម​មុន្នី​ បញ្ជាក់​ថា​ លោក​ពុំ​មាន​ការ​ភ្ញាក់ផ្អើល​ទេ​ ចំពោះ​ការ​សម្រេច​នេះ​ ដោយ​លោក​ចាត់​ទុក​ថា​នេះ​ជា​ ព្រហ្មលិខិត​ ។

ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ គឹម​ រ័ត្ន​ណារិន​ ​ នៅ​រសៀល​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ប្រកាស​សាលក្រម​ដោយ​សម្រេច​បដិសេធ​សំណើ​សុំ​ស្រូប​ទោស​របស់​ទណ្ឌិត​ ពេជ្រ​ ព្រហ្ម​មុន្នី​ ។​ ប៉ុន្តែ​លោក​ចៅក្រម​ទុក​ឲ្យ​ទណ្ឌិត​រូបនេះ​ ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​ ។

កាលពី​ពេល​កន្លង​ទៅ​ លោក​ ពេជ្រ​ ព្រហ្ម​មុន្នី​ ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ពីរ​សំណុំរឿង​ផ្សេង​គ្នា​ ។​ សំណុំរឿង​ទី​១​ ត្រូវ​តុលាការ​ផ្តន្ទា​ទោស៥ឆ្នាំតែអនុវត្តទោសត្រឹមពីរឆ្នាំ​ប៉ុណ្ណោះ​ ពី​បទ​ «ជំនួញឥទ្ធិពលអកម្ម» តាមមាត្រា ៥៩៥នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភោជនីយដ្ឋាន One More ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ។

សំណុំរឿង​ទី​២​ ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​១៨ខែ តែអនុវត្តទោសក្នុងពន្ធនាគារតែ១០ខែប៉ុណ្ណោះ ពីបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុង ការបំពេញមុខងារសាធារណៈ តាមមាត្រា៦០៩ នៃក្រមព្រហ្មទណ្ឌ ។ ដោយសារ​ជនជាប់ចោទ​និង​ព្រះ​រាជ​អាជ្ញា​ ពុំ​បាន​ប្តឹង​ឧទ្ធរណ៍​ សាលក្រម​នេះ​បាន​ចូល​ជា​ស្ថាពរ​ ហើយ​ជនជាប់ចោទ​ ពេជ្រ​ ព្រហ្ម​មុន្នី​ បាន​ក្លាយ​ជា​ទណ្ឌិត​៕